
ប្រភពរដ្ឋាភិបាលមួយ បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកការទូតកូរ៉េខាងជើងម្នាក់ ដែលបានឈរជើងនៅក្នុងប្រទេសគុយបា បានភៀសខ្លួនទៅកូរ៉េខាងត្បូង កាលពីឆ្នាំមុន ដែលជាចំនួនកើនឡើងចុងក្រោយបំផុតនៃការរត់ចោលប្រទេសដោយប្រជាជនកូរ៉េខាងជើង នៅក្នុងក្រុមឥស្សរជន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Ri Il-kyu ដែលធ្លាប់ធ្វើជាទីប្រឹក្សាកិច្ចការនយោបាយ នៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសគុយបា បានចូលប្រទេសកូរ៉េខាងត្បូង ក្នុងខែវិច្ឆិកា ជាមួយក្រុមគ្រួសាររបស់លោក។
ការរត់ចោលប្រទេស បានកើតឡើង ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការសម្រាប់កូរ៉េខាងត្បូង ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសគុយបា។ កាលពីខែកុម្ភៈ ប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងជាផ្លូវការ នៅក្នុងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានគេមើលឃើញថា ជាការធ្លាក់ចុះសម្រាប់កូរ៉េខាងជើង ដែលបានអួតខ្លួនជាយូរមកហើយអំពីទំនាក់ទំនងជាបងប្អូនរបស់ខ្លួន ជាមួយប្រទេសតំបន់ការ៉ាអ៊ីបនេះ។

លោក Ri ត្រូវបានគេជឿថា ជាអ្នកការទូតជើងចាស់ម្នាក់ ដែលបានបម្រើការ នៅក្នុងរយៈពេលប្រហែល ៩ឆ្នាំ នៅប្រទេសគុយបា។ យោងតាមបទសម្ភាសន៍ដែលចេញផ្សាយដោយ Chosun Ilbo បានដឹងថា ជំហរចុងក្រោយរបស់លោក ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការបញ្ឈប់ទីក្រុងហាឡាវ៉ាន (Havana)ពីការភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ ជាមួយទីក្រុងសេអ៊ូល។