វៀតណាម៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រទេសវៀតណាមបានឲ្យដឹងថា គណៈកម្មាធិការស្រាវជ្រាវបានទទួលយកលទ្ធផល ពីការសាកល្បងនៅមន្ទីរព្យាបាលដំណាក់កាល 3A វ៉ាក់សាំង Nano Covax ដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រមាណ ១.០០០នាក់ ដោយត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងបង្ការវីរុស COVID-19 ក្នុងស្រុកដើម្បីទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់។

បន្ទាប់ពីទទួលបានភ្លើងខៀវពីគណៈកម្មាធិការជាតិក្នុងការស្រាវជ្រាវឱសថ ឯកសារទាំងនោះនឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាពិគ្រោះយោបល់ សម្រាប់ការចុះបញ្ជីចរាចរឱសថ និងគ្រឿងផ្សំឱសថក្រោមក្រសួងសុខាភិបាលជាអ្នកដែលនឹងពិនិត្យឡើងវិញ និងចេញអាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់វ៉ាក់សាំងក្នុងស្ថានភាពបន្ទាន់វីរុសរាតត្បាត។ ខណៈចំនួនករណីវីរុស COVID-19 កើនឡើងនៅក្នុងរលកទី៤ នៃការឆ្លងនៅប្រទេសវៀតណាម ខេត្តជាច្រើនបានស្នើឱ្យចូលរួមក្នុងការសាកល្បងវ៉ាក់សាំង Nano Covax ប៉ុន្តែក្រសួងសុខាភិបាលមិនយល់ព្រម ដោយលើកឡើងពីការព្រួយបារម្ភសុវត្ថិភាព។
អ្នកស្ម័គ្រចិត្ត ១ពាន់នាក់នៅដំណាក់កាល 3a ត្រូវបានផ្តល់ឱ្យវ៉ាក់សាំងចំនួនពីរដូស។ អ្នកមួយចំនួនបានរាយការណ៍ពីផលរំខានធម្មតា ដូចជាការឈឺចាប់នៅកន្លែងចាក់ថ្នាំ រមាស់ ចង្អោរ គ្រុនក្តៅស្រាលបន្ទាប់ពីទទួលវ៉ាក់សាំង។ ទិន្នន័យពីការសាកល្បងដំណាក់កាល 3a បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៦.៥% ក្នុងការទប់ទល់ទៅនឹងវីរុសកូរ៉ូណានៅថ្ងៃទី៤២ រយៈ ១៤ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២។ ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១២.៩២០នាក់គិតត្រឹមល្ងាចថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់ ៤១០.៣៦៦នាក់ និងអ្នកស្លាប់សរុបចំនួន ១០.០៥៣នាក់ បន្ទាប់ពីបានកត់ត្រាឣ្នកស្លាប់ថ្មីចំនួន ៣៥៦នាក់៕
អត្ថបទ៖ ប៊ុនថន