
មន្ត្រីក្នុងតំបន់បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់ បានបាត់បង់ជីវិត ហើយ ២៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃចន្ទ (ទី១៥ ខែកក្កដា) ក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
លោក Quraishi Badloon ប្រមុខនាយកដ្ឋានព័ត៌មាន និងវប្បធម៌ បានប្រាប់សារព័ត៌មាន AFP ថា៖ «កាលពីល្ងាចថ្ងៃចន្ទ ភ្លៀងដែលបណ្តាលមកពីព្យុះអមដោយផ្គររន្ទះ បាននាំឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់ ស្លាប់ និងរបួស ២៣០នាក់ផ្សេងទៀត នៅក្នុងទីក្រុង Jalalabad (ចាឡាឡាបាដ) និងតំបន់មួយចំនួននៃខេត្ត Nangarhar (ណាងហ្កាហារ៍)»។
លោក Badloon បាននិយាយថា អ្នកស្លាប់ និងរបួស គឺបណ្តាលមកពីព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលបានរលើងដើមឈើ និងធ្វើឲ្យជញ្ជាំង និងដំបូលផ្ទះសម្បែងរបស់ប្រជាជនរលំបាក់។

គួរបញ្ជាក់ថា សោកនាដកម្មនេះ កើតមានឡើង បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានសម្លាប់មនុស្សរាប់រយនាក់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភា និងបានលិចលង់ដីកសិកម្ម នៅក្នុងប្រទេសដែលប្រជាជន ៨០ភាគរយ ពឹងផ្អែកលើការធ្វើកសិកម្ម ដើម្បីចិញ្ចឹមជីវិត។
សូមបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក អាហ្វហ្គានីស្ថានត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។ នៅឆ្នាំ២០២៤ នេះ ប្រទេសនេះបានជួបប្រទះនិទាឃរដូវដែលមានអាកាសធាតុសើមខុសពីធម្មតា បន្ទាប់ពីមានរដូវរងាក្ដៅខ្លាំង៕