
ដោយដកស្រង់សម្ដីពីអ្នកដែលបានដឹងពីបញ្ហានោះ សារព័ត៌មាន Wall Street Journal (WSJ) កាលពីថ្ងៃចន្ទ (ទី១៥ ខែកក្កដា) បានរាយការណ៍ថា លោក Elon Musk គ្រោងសន្យាផ្តល់ប្រាក់ប្រហែល ៤៥លានដុល្លារ ក្នុង១ខែ ដល់ក្រុមទើបបង្កើតថ្មី គឺក្រុម PAC ដែលកំពុងជួយគាំទ្រដល់កិច្ចប្រឹងប្រឹងប្រជែងតំណែងសេតវិមានរបស់អតីតប្រធានាធិបតី លោក Donald Trump។
បើយោងតាមឯកសារហិរញ្ញវត្ថុប្រចាំត្រីមាស ដែលបានដាក់ជូនគណៈកម្មាធិការរៀបចំបោះឆ្នោតសហព័ន្ធ កាលពីល្ងាចថ្ងៃចន្ទ បានបង្ហាញថា លោក Musk មិនបានផ្តល់ប្រាក់មួយចំនួនណាឡើយដល់ក្រុមនោះ ដែលមានឈ្មោះថា America PAC គិតត្រឹមដំណាច់ខែមិថុនា។

នៅមិនច្បាស់ទេថា តើលោកបានបរិច្ចាគក្នុងខែកក្កដា ឬយ៉ាងណា។ ហើយការផ្ញើអ៊ីមែល (សារអេឡិកត្រូនិក) ទៅកាន់សហការីរបស់លោក Musk មិនត្រូវបានតបមកវិញភ្លាមៗ នៅឡើយទេ កាលពីល្ងាចថ្ងៃចន្ទនោះ។
ប៉ុន្តែឯកសារនោះ បានបង្ហាញថា ក្រុម Super PAC ដែលត្រូវបានបង្កើតឡើងនៅចុងខែឧសភា បានទទួលការរួមវិភាគទានពីសហគ្រិនលេចធ្លោផ្សេងទៀត ក្នុងនោះរួមទាំងសហស្ថាបនិកក្រុមហ៊ុន Palantir គឺលោក Joe Lonsdale និងមហាសេដ្ឋីរូបិយប័ណ្ណគ្រីពតូ លោក Cameron Winklevoss។
គួរបញ្ជាក់ថា លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX និងជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោក បានគាំទ្រជាផ្លូវការចំពោះលោក Trump កាលពីថ្ងៃសៅរ៍ ពោលគឺប៉ុន្មាននាទីបន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត នៅឯការជួបជុំធ្វើយុទ្ធនាការមួយ៕