
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា កំពុងបន្ត ហើយមេបញ្ជាការយោធារបស់ក្រុមនេះ មានសុខភាពល្អ មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានកំណត់គោលដៅលើលោក ម៉ូហម៉េដ ដេហ្វ (Mohammed Deif) ជាមួយនឹងការវាយប្រហារតាមអាកាសដ៏ធំ ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០នាក់ រួមទាំងកុមារ។
ស្ថានភាពរបស់លោក ដេហ្វ នៅតែមិនច្បាស់លាស់ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា៖«នៅតែមិនប្រាកដច្បាស់ថាតើ គាត់ត្រូវបានសម្លាប់ហើយ ឬ នៅន»។ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ទោ Herzi Halevi បានប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រា អែល បានវាយប្រហារបរិវេណមួយកន្លែងដែល លោក ដេហ្វ «កំពុងលាក់ខ្លួន» ប៉ុន្តែបានបន្ថែមថា «វានៅតែលឿនពេកក្នុងការសង្ខេបលទ្ធផលនៃការវាយប្រហារ ដែលក្រុមហាម៉ាស កំពុងព្យាយាមលាក់នោះ» ។

តំណាងក្រុមហាម៉ាស មិនបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់ពួកគេអំពីសុខភាពរបស់ស្ថាបនិកដ៏សំខាន់ម្នាក់នៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាមនោះទេ។ការសម្លាប់របស់គាត់ នឹងបង្ហាញពីការធ្វើឃាតទម្រង់ខ្ពស់បំផុតនៃមេដឹកនាំក្រុមហាម៉ាសណាមួយ ដោយ អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម។
លោក ដេហ្វ បានស្ថិតនៅក្នុងបញ្ជីដែលគេតាមស្វែងរកចាប់ខ្លួនរបស់អ៊ីស្រាអែលជាយូរមកហើយ ហើយបានលាក់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ។