
រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បានបញ្ជាក់នៅក្នុងគណនី X របស់ខ្លួនថា ទាហានបារាំងម្នាក់ ត្រូវបានគេវាយប្រហារដោយកាំបិត ខណៈពេលដើរល្បាតកាលពីយប់ថ្ងៃចន្ទ នៅស្ថានីយរថភ្លើង Gare de l'Est (ស្ថានីយរថភ្លើងភាគខាងកើតក្រុងប៉ារីស)។
លោក Darmanin បានសរសេរថា៖«ទាហានម្នាក់មកពីកងប្រតិបត្តិការ Operation Sentinelle គឺជាជនរងគ្រោះនៃការចាក់ឲ្យរបួសស្នាម ខណៈពេលដែលគាត់ កំពុងល្បាតនៅស្ថានីយរថភ្លើង Gare de l'Est ក្នុងទីក្រុងប៉ារីស»។

លោកបានបន្ថែមថា ទាហានរូបនេះ មិនស្ថិតក្នុងស្ថានភាពគំរាមកំហែងអាយុជីវិតទេ ហើយជនល្មើស ត្រូវបានចាប់ខ្លួនភ្លាមៗ។
យោងតាមសារព័ត៌មានបារាំង BFMTV បានឲ្យដឹងថា ជនសង្ស័យមានអាយុ ៤០ឆ្នាំ សញ្ជាតិបារាំង និងត្រូវបានគេស្គាល់ថា មានជំងឺវិបល្លាសធ្ងន់ធ្ងរ។
ទីក្រុងប៉ារីស កំពុងរៀបចំការបើកកីឡាអូឡាំពិកដ៏ធំ នៅថ្ងៃទី ២៦ ខែកក្កដា ក្នុងអំឡុងពេលដែលមន្ត្រី នគរបាលប្រហែល ៤៥.000 នាក់ និងទាហានជាង ១០.000នាក់នៃកងប្រតិបត្តិការ Operation Sentinelle នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ។