
ប្រទេសកូរ៉េខាងជើង បានរក្សានូវប្រព័ន្ធ «ទូលំទូលាយ និងពហុស្រទាប់»នៃពលកម្មដោយបង្ខំ ក្នុងគោលបំណងប្រើប្រាស់វាជាមធ្យោបាយគ្រប់គ្រង និងត្រួតពិនិត្យប្រជាជនរបស់ខ្លួន ដើម្បីផលប្រយោជន៍រដ្ឋ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពីការប្រើប្រាស់ពលកម្មដោយបង្ខំរបស់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានសរសេរដោយផ្អែកលើបទសម្ភាសន៍ចំនួន ១៨៣បទសម្ភាសន៍ ដែលធ្វើឡើងរវាងឆ្នាំ ២០១៥ និង ២០២៣ ជាមួយជនរងគ្រោះ និងសាក្សីនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មបែបនេះ។

របាយការណ៍នេះ បាននិយាយថា ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់ប្រទេសកូរ៉េខាងជើង បានក្លាយទៅជា«លក្ខណៈទូទៅយ៉ាងស៊ីជម្រៅ» ហើយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ត្រូវបានប្រព្រឹត្ត នៅក្នុងដំណើរការនេះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា ពលកម្មដោយបង្ខំ «ជាប្រព័ន្ធ» ត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីបង្កើតរូបិយប័ណ្ណបរទេសសម្រាប់រដ្ឋ ដោយប្រាក់ភាគច្រើនរកបានដោយកម្មករនឹងធ្លាក់ទៅរដ្ឋាភិបាល ដោយរំលោភសិទ្ធិកម្មករ។