អាមេរិក៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកនិយាយថា អង្គភាពបានកំណត់ថា ការវាយប្រហារនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធតែទីតាំងមួយប៉ុណ្ណោះមិនមែន ២ទីតាំងដូចដែលបានរាយការណ៍ពីមុននោះទេ។

មន្ទីរបញ្ចកោណនិយាយថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់ ដែលបានវាយប្រហារនៅច្រកទ្វារ Abbey ជាទីដែលប្រជាជនអាហ្វហ្គានីស្ថានអស់សង្ឃឹមកំពុងប្រមូលផ្តុំគ្នា ព្យាយាមចូលទៅក្នុងអាកាសយានដ្ឋានទីក្រុងកាប៊ុល និងជាកន្លែងដែលកងទ័ពអាមេរិកកំពុងធ្វើការត្រួតពិនិត្យសន្តិសុខ។ លោក Hank Taylor អនុប្រធានទទួលបន្ទុកប្រតិបត្តិការប្រចាំតំបន់ របស់មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា គ្មានការផ្ទុះលើកទី២ នៅជិតសណ្ឋាគារ Baron ក្បែរព្រលានយន្តហោះនោះទេ។ លោកបាននិយាយថា ការបំផ្ទុះគ្រាប់បែកនៅខ្លោងទ្វារ Abbey បន្ទាប់មកមានការបាញ់កាំភ្លើងពីភាគខាងជើងខ្លោងទ្វារ ជាផ្នែកមួយនៃអ្វីដែលយោធាបានចាត់ទុកថា ជាការវាយប្រហារស្មុគស្មាញ។
នៅក្នុងការអះអាងទទួលខុសត្រូវរបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនម្នាក់ដែលបំផ្ទុះគ្រាប់បែកបានបង្ហោះរូបថតអះអាងថា ជាអ្នកបំផ្ទុះពាក់អាវកាក់មានគ្រឿងផ្ទុះមុនពេលវាយប្រហារ។ អ្នកស្លាប់ដោយសារវាយប្រហារនៅព្រលានយន្តហោះកាប៊ុលបន្តកើនឡើងរហូតដល់ ១០៥នាក់។។ សហរដ្ឋអាមេរិកនិយាយថា កងទ័ព ១៣នាក់ត្រូវបានសម្លាប់ ជាថ្ងៃស្លាប់ច្រើនបំផុតសម្រាប់កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីខែសីហា ឆ្នាំ២០១១។ សហរដ្ឋអាមេរិកបានព្រមានថា ការវាយប្រហារបន្ថែមអាចកើតមានឡើងមុនថ្ងៃកំណត់របស់ប្រធានាធិបតី Joe Biden ក្នុងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕
អត្ថបទ៖ ប៊ុនថន