
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សិស្សវិទ្យាល័យចំនួន ១៤នាក់ នៅប្រទេសជប៉ុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅថ្ងៃអង្គារ (ទី១៦ ខែកក្កដា) បន្ទាប់ពីពួកគេបានបរិភោគដំឡូងបារាំងចៀនរសជាតិ «ហឹរខ្លាំង»។
សិស្សជាង ៣០នាក់ នៅវិទ្យាល័យ ក្នុងទីក្រុងតូក្យូ ត្រូវបានគេរាយការណ៍ថា បានចែករំលែករូបភាពដំឡូងនោះ អំឡុងពេលសម្រាកព្យាបាល នៅពេលដែលអ្នកខ្លះចាប់ផ្តើមត្អូញត្អែរពីអាការចង់ក្អួតចង្អោរ និងការឈឺចាប់ខ្លាំង នៅជុំវិញបបូរមាត់របស់ពួកគេ។
ទូរទស្សន៍ Fuji បានផ្សាយថា សិស្ស ១៤នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បាននិយាយថា ពួកគេទាំងអស់ មានស្មារតីធម្មតា ប៉ុន្តែយ៉ាងហោចណាស់ម្នាក់ មានអារម្មណ៍ឈឺចាប់ខ្លាំង រហូតដល់សិស្សរូបនោះត្រូវដឹកតាមរទេះរុញ។
ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា សិស្សប្រុសម្នាក់ បានយកដំឡូងនោះទៅសាលារៀន «ដើម្បីគ្រាន់តែជាការលេងសើចប៉ុណ្ណោះ» ព្រោះរូបគេបានហូបវាពីមុន ហើយឃើញថា «មានរសជាតិហឹរខ្លាំងណាស់»។
បណ្តាញសារព័ត៌មាននានា ក្នុងនោះរួមទាំង Asahi Shimbun និង Fuji ផងដែរ បានរាយការណ៍ថា ដំឡូងនោះ មានឈ្មោះយីហោ «R 18+ Curry Chips»។ ហើយយោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិត បានឲ្យដឹងថា ក្មេងអាយុក្រោម ១៨ឆ្នាំ ត្រូវបាន «ហាមឃាត់» មិនឲ្យបរិភោគដំឡូងរសជាតិ «ហឹរខ្លាំង» ដែលអាចនឹងបណ្តាលឲ្យអ្នកបរិភោគឈឺបាន»។ ក្រុមហ៊ុនបានបា្រប់ឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា បរិមាណម្រេចក្តៅខ្លាំងមួយប្រភេទ ដែលគេស្គាល់ថា ជា «ម្រេចខ្មោច» ត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំ សម្រាប់ដំឡូងចៀននេះ៕