ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ អ្នកស្រី Nina Krushcheva គឺជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាលា New School ស្ថិតក្នុងទីក្រុងញូវយ៉ក និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងគិតថា អស្ថិរភាពកាន់តែមានច្រើននៅសហរដ្ឋអាមេរិក វាគឺជារឿងកាន់តែល្អសម្រាប់រុស្ស៊ី ហើយអ្នកស្រីបន្តថា បើសិនជាលោក Trumpជាប់ឆ្នោត វាកាន់តែល្អសម្រាប់លោក Putin ។
ថ្លែងពីការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump អ្នកស្រី Krushcheeva និយាយថា លោក Putinនឹងពេញចិត្តចំពោះភាពវឹកវរនៅសហរដ្ឋអាមេរិក ។
អ្នកស្រីថា លោក Putinច្បាស់ជាទទួលបានអត្ថប្រយោជន៍ ហើយនិងច្បាស់ណាស់ថា លោករឹតតែសប្បាយចិត្ត បើទោះបីជាលោកមិនទទួលបានអត្ថប្រយោជន៍ ក៏ដោយ លោកនៅតែពេញចិត្តនឹងឆាកល្ខោននយោបាយនេះដែរ គឺជាឆាកល្ខោនកើតឡើងនៅសហរដ្ឋអាមេរិក ។
វិមានក្រឹមឡាំង និយាយកាលពីថ្ងៃអាទិត្យថា ពួកគេមិនជឿថា រដ្ឋបាលសហរដ្ឋអាមេរិក គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតលើលោក Trumpកាលពីថ្ងៃសៅរ៍នោះឡើយ ប៉ុន្តែពួកគេចោទប្រកាន់រដ្ឋបាលមួយនេះ ថាបានបង្កើតបរិយាកាសនាំឲ្យកើតមានការវាយប្រហារមួយនេះ ៕
