ក្រុមអាជ្ញាធរ និយាយថា រថយន្តក្រុងដឹកកម្មករក្រុមហ៊ុនសម្លៀកបំពាក់ Inditex បានបើកធ្លាក់ចូលមាត់ច្រកចេញរបស់ផ្លូវរូងក្រោមដីនៅទីក្រុង Pineda de Mar ជិតទីក្រុង Barcelona ប្រទេសអេស្ប៉ាញនាថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស ក្នុងនោះមនុស្ស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Xavier Amor គឺជាអភិបាលក្រុង Pineda de Mar និយាយប្រាប់ទូរទស្សន៍ TVE ថា រថយន្តក្រុងមួយគ្រឿងនេះ កំពុងធ្វើដំណើរតាមផ្លូវរវាងទីក្រុង Barcelona និងទីក្រុង Tordera ស្ថិតក្នុងតំបន់ភាគឦសាន Catalonia ប្រទេសអេស្ប៉ាញ ។ លោកបន្តថា មានអ្នកដំណើរ ៥២នាក់ នៅលើរថយន្តក្រុង ។
អ្នកដំណើរ ៣នាក់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ និងអ្នកដំណើររាប់សិបនាក់ផ្សេងទៀត ទទួលបានការព្យាបាលនៅមន្ទីរពេទ្យបង្អែក ។
ដោយឡែក ពាក់ព័ន្ធនឹងមូលហេតុបណ្តាលឲ្យរថយន្តក្រុងនេះ បើកធ្លាក់ចូលផ្លូវរូងក្រោមដី ពុំត្រូវបានដឹងភ្លាមៗនោះទេ រង់ចាំការស៊ើបអង្កេតជាមុនសិន ៕
