ភ្លៀងធ្លាក់ខ្លាំង បានបោកបក់លើខេត្ត Henan ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យរហូតមក ស្របពេលស្ថានភាពព្យុះ វាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន នៅក្នុងរដូវក្តៅនេះ បានបន្តដល់បណ្តាខេត្តភាគកណ្តាល និងភាគខាងជើងប្រទេស ។
នៅទីក្រុង Nanyang រថយន្តបានជាប់នៅក្នុងទឹកជំនន់ ហើយក្រុមជួយសង្រ្គោះ បានព្យាយាមសង្រ្គោះអ្នកជាប់ខ្លួននៅក្នុងរថយន្តរបស់ពួកគេ ។
រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍រដ្ឋចិន CCTV ឃើញភូមិដ្ឋាន និងដីកសិកម្ម រងការជន់លិចគ្មានសេសសល់ ។
គិតត្រឹមវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុកថ្ងៃអង្គារ ទឹកភ្លៀងកម្ពស់ជាង ៦០០មីលីម៉ែត្រ ត្រូវបានរកឃើញនៅទីក្រុង Dafengying គឺជាទីក្រុងមួយជាប់នឹងទីក្រុង Nanyang អំឡុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបំផុត បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន ចាប់ពីខែមេសា រហូតដល់ខែមិថុនា ខណៈនៅតំបន់ភាគខាងជើង អាកាសធាតុស្ងួត បានកម្លោចដីចម្ការ និងបានគំរាមកំហែងដល់ដំណាំប្រជាពលរដ្ឋ ៕
