គ្រឿងចក្រ បានរុញគំនរសំរាម ប៉ុន្តែប្រជាពលរដ្ឋ ពុំមានការធូរស្រាលនោះឡើយ ពេលកូនៗរបស់ពួកគេ កាយសំរាមនៅតាមដងផ្លូវក្នុងតំបន់ហ្កាហ្សា ស្របពេលដែលវិបត្តិអនាម័យ បន្ថែមលើទុក្ខវេទនារបស់ពួកគេមួយកម្រិតទៀត ។
លោក Ahmed Shaloula ស្ថិតនៅក្នុងចំណោមជនប៉ាឡេស្ទីនជម្លៀសខ្លួនមកពីទីក្រុងហ្កាហ្សា មករស់នៅទីក្រុង Khan Younis និយាយថា ពួកយើងពុំអាចដេកបានទេ ពួកយើងពុំអាចទទួលទានបានទេ ពួកយើងពុំអាចផឹកទឹកបានទេ ដោយសារតែក្លិនសំរាមទាំងអស់នេះ បានសម្លាប់ពួកយើងទាំងរស់ ។
ជនប៉ាឡេស្ទីន បានប្រឈមនឹងវិបត្តិមួយហើយមួយទៀត ចាប់តាំងពីជម្លោះផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ កាលពីខែតុលា ឆ្នាំមុន ។
ក្រៅពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ការផ្លោងគ្រាប់កាំភ្លើងធំ និងការវាយប្រហារតាមជើងគោក ជនប៉ាឡេស្ទីន ប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ប្រេងឥន្ធនៈ ទឹកស្អាត ឱសថ និងមន្ទីរពេទ្យដំណើរការ ។
សំរាមបានគរដូចភ្នំនៅក្នុងដែនដីក្រីក្រមួយនេះ និងស្ថិតនៅក្នុងតំបន់មានមនុស្សរស់នៅច្រើនបំផុតរបស់ពិភពលោក ។ នៅពេលយប់ ពលរដ្ឋដេកមិនលក់ ដោយសារតែមូសខាំ ហើយពួកគេមួយចំនួន បានឆ្លងជំងឺទៀតផង ៕