នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីន នាំគ្នាដើរឆ្លងកាត់គំនរបាក់បែកផ្ទះមួយខ្នង ដែលត្រូវបានបំផ្លាញដោយសារការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលនៅទីក្រុង al-Nuseirat តំបន់ហ្កាហ្សាស្រ្ទីប ។
នៅថ្ងៃអង្គារនេះ កងកម្លាំងអ៊ីស្រាអែល បានធ្វើសង្រ្គាមជាមួយយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស់នៅតាមតំបន់ជាច្រើនទូទាំងតំបន់ហ្កាហ្សា ស្របពេលដែលក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលដែនដីបិទច្រកមួយនេះ ។
លោក Mohamed Zaqout ដែលរស់នៅក្នុងអគាររងការបំផ្លិចបំផ្លាញ និយាយថា លោកចង់ប្រាប់ដល់ពិភពលោកទាំងមូល ជាពិសេសពិភពមូស្លីម និងអារ៉ាប់ថា ពួកគេត្រូវតែបញ្ឈប់សង្រ្គាមមួយនេះ ដោយមធ្យោបាយណាមួយ។ ពិភពមូស្លីម អាចដាក់សំពាធលើអាមេរិកបាន ។
លោកបន្តថា បើសិនជាពួកគេដាក់សំពាធលើអាមេរិក ពួកគេនឹងអាចបញ្ឈប់សង្រ្គាមមួយនេះបាន ។
យោធាអ៊ីស្រាអែលនិយាយថា កងទ័ពអាកាស បានវាយប្រហារលើគោលដៅចំនួន ៤០កន្លែងនៅទូទាំងដែនដីបិទច្រកមួយនេះ រួមទាំងប៉ុស្ត៍បាញ់កាំភ្លើងស៊ីប និងប៉ុស្តិ៍សង្កេតការណ៍ ក៏ដូចជារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស់ ៕
