យានឈូសឆាយបានជួយសម្អាតគំនរសំរាម ប៉ុន្តែអ្នកស្រុកដែលកំពុងខឹងសម្បាមិនបានត្រេកអរអ្វីឡើយ ខណៈដែលកូនៗរបស់ពួកគេដើររើសសំរាមនៅតាមដងផ្លូវនៅតំបន់ហ្កាហ្សា ក្នុងកំណើនវិបត្តិអនាម័យដែលកំពុងបន្ថែមទុក្ខវេទនាដល់អ្នកស្រុកក្នុងតំបន់ហែកហួរដោយសង្គ្រាមមួយនេះ។

ពលរដ្ឋប៉ាឡេស្ទីនម្នាក់ក្នុងចំណោមជនភៀសខ្លួនជាច្រើនដែលរត់ភៀសខ្លួនពីទីក្រុងហ្កាហ្សា និងរស់នៅក្នុងទីក្រុង ខាន់យូនីស (Khan Younis) បាននិយាយថា «យើងពិបាកគេង ពិបាកផឹក ដោយសារក្លិនស្អុយពីសំរាមដែលគរដូចភ្នំនៅទីនេះ»។

ពលរដ្ឋប៉ាឡេស្ទីនបានប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ ក្រោយជម្លោះបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក្នុងខែតុលា។ ក្រៅពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ការបាញ់ផ្លោង និងការវាយលុកជើងគោក ប្រជាជនប៉ាឡេស្ទីនត្រូវរងទុក្ខដោយកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក ឱសថ និងកន្លែងថែទាំសុខភាព។

សំរាមកំពុងគរចោលនៅក្នុងតំបន់ដ៏ក្រីក្រមួយនេះ ដែលជាតំបន់មួយក្នុងចំណោមទីតាំងមានប្រជាជនរស់នៅច្រើនបំផុតក្នុងពិភពលោក ហើយត្រូវបានបំផ្លាញស្ទើតែទាំងស្រុងទៅជាកម្ទេចថ្ម។ អ្នកស្រុកម្នាក់និយាយថា នៅពេលយប់ មនុស្សម្នាមិនអាចដេកលក់ទេដោយសារមូសខាំ ចំណែកអ្នកខ្លះកំពុងកើតជំងឺដូចជា កមរមាស់ជាដើម ហើយការអំពាវនាវឱ្យមានសេវារដ្ឋាភិបាលមកជួយ គឺជារឿងមិនអាចទៅរួចទេនៅតំបន់ហ្កាហ្សា បន្ទាប់ពីមានសង្គ្រាមអស់ប្រាំបួនខែ៕