សមយុទ្ធកងទ័ពជើងទឹករួមគ្នារបស់ចិន និងរុស្សីនៅឆ្នាំ២០២៤ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ មានរយៈពេល៣ថ្ងៃ នៅឯកំពង់ផែកងទ័ពជើងទឹកក្នុងទីក្រុង ចានជាំង (Zhanjiang)ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

សមយុទ្ធនេះបានទាក់ទាញការរំពឹងទុកយ៉ាងទូលំទូលាយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ពួកគេបានគូសបញ្ជាក់ជាពិសេសអំពីពេលវេលានៃសមយុទ្ធដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ណាតូនាពេលថ្មីៗនេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានចង្អុលបង្ហាញថាសមយុទ្ធនេះមានគោលដៅជាពិសេសទៅលើអង្គការណាតូ។

ក្ដីបារម្ភរបស់លោកខាងលិចអំពីសមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ី បង្ហាញពីភាពមិនសុខស្រួលក្នុងចិត្តរបស់ខ្លួន និងការវាយតម្លៃតិចតួចអំពីសារៈសំខាន់នៃយន្តការនេះលើប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់។

អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សារុស្ស៊ីនៃសាកលវិទ្យាល័យ East China Normal University លោក ខួយ ហេង បានប្រាប់សារព័ត៌មាន Global Times ថានៅពេលទំហំ និងឥទ្ធិពលនៃសមយុទ្ធបន្តកើនឡើង វាបង្ហាញពីកម្រិតខ្ពស់នៃទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។
ទស្សនៈរបស់ ខួយ(Cui) ត្រូវបានបន្ទរដោយអ្នកជំនាញយោធាចិនលោកចាង ជួនស៊ី (Zhang Junshe) ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានដកស្រង់ប្រភពយោធាដែលនិយាយថា ជាផ្នែកសំខាន់នៃសមយុទ្ធរួមចិន-រុស្ស៊ី សមយុទ្ធនេះរួមមានប្រធានបទដូចជា ពង្រឹងការការពារ ការឈ្លបយកការណ៍រួមគ្នា និងការព្រមានជាមុន ការស្វែងរក និងជួយសង្គ្រោះរួមគ្នា និងការការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីលរួមគ្នា។
លោក ចាង បានប្រាប់ Global Times ថាខណៈសមយុទ្ធទាំងនេះត្រូវការភាគីទាំងពីរបញ្ចេញទិន្នន័យរសើបដូចជារ៉ាដា និងតាមដានទីតាំងជាមួយគ្នាទៅវិញទៅមក វាបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។ ទន្ទឹមនឹងនេះ សមយុទ្ធនេះអាចបង្កើនសមត្ថភាពសកម្មភាពរួមគ្នារបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី និងសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងសន្តិសុខដែនសមុទ្រ។នេះគឺផ្ទុយស្រឡះពីសមយុទ្ធយោធាដឹកនាំដោយអាមេរិក។ សមយុទ្ធ Rim of the Pacific (RIMPAC) 2024ដែល នៅតែដំណើរការនៅឡើយ ផ្នែកសំខាន់លើការពន្លិចនាវាគោលដៅទម្ងន់៤ម៉ឺនតោន បំណងបង្ហាញពីសមត្ថភាពបំផ្លាញនាវាពិឃាត ឬនាវាផ្ទុកយន្តហោះរបស់ចិន ខណៈមានភាពតានតឹងនាពេលបច្ចុប្បន្ននៅក្នុង ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង៕