ទូកក្ដោង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតតាមការស្នើសុំឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា រៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅខេត្តព្រះសីហនុនាចុងឆ្នាំនេះហើយ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកាលពីចុងសប្ដាហ៍កន្លងទៅ។

ព្រឹត្តិការណ៍ថ្នាក់តំបន់នេះគ្រោងប្រកួតរយៈពេលជិត ១សប្ដាហ៍ពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ក្រោមកិច្ចសហការរៀបចំរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី។ ដោយទទួលបានការគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិ CAMSOC និងមានការស្នើសុំជាគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រីដែលបានគាំទ្រ និងអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរីសហការគ្នារៀបចំព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 នៅកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កីឡាទូកក្ដោងកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងរបស់ខ្លួន។ លើសពីនេះ ឯកឧត្តម ថាង ហ្កោដុន ប្រធានសហព័ន្ធក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតដល់មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសដូសទី៣ ឬដូសជំរុញ ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ ក្នុងការចាប់ផ្តើមដំណើរការហ្វឹកហាត់ឡើងវិញ ក៏ដូចជាត្រៀមខ្លួនរៀបចំជើងឯកអាស៊ាននាពេលខាងមុខ។
សូមបញ្ជាក់ថា ការស្នើសុំរាជរដ្ឋាភិបាល សហការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍រួមគ្នា រវាងកម្ពុជា និងសិង្ហបុរីបន្ទាប់ពីការប្រកួតស៊ីហ្គេមឆ្នាំ២០២១ ដែលត្រូវពន្យារពេលទៅឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានដាក់បញ្ចូលប្រភេទកីឡាអូឡាំពិកនេះក្នុងកម្មវិធីប្រកួត។ តាមការគ្រោងទុកព្រឹត្តិការណ៍នេះមានកីឡាករប្រមាណ ១៥០នាក់មកពី ៦ប្រទេសចូលរួមប្រកួតលើ ១២វិញ្ញាសា ខណៈកម្ពុជា និងសិង្ហបុរីនឹងចែកគ្នារៀបចំការប្រកួត ៦វិញ្ញាសាម្នាក់។ ជាមួយការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាទូកក្ដោងលក្ខណៈអន្ដរជាតិលើកដំបូងនេះ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់គុណផល និងបច្ចេកទេសកីឡាដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង និងអត្ថប្រយោជន៍ជាកិត្តិយស កិត្យានុភាពជាតិក្នុងនាមជាម្ចាស់ផ្ទះផង។ ពិសេសក៏បង្ហាញពីការចាប់ផ្ដើមស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ៕ អត្ថបទ៖ លី ឈុនឡា

