នៅសល់ប្រមាណតែ១៨ ថ្ងៃទៀតប៉ុណ្ណោះថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូតេជោ នឹងឈានចូលមកដល់។ នៅក្នុងឱកាសថ្ងៃបើកការដ្ឋាននោះដែរ បណ្តាវិហាឥស្លាមទាំងអស់នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏ដូចបណ្តាវត្តអារ៉ាមនានាដែរ នឹងរៀបចំពិធីជួបជុំធំធ្វើការបួងសួងចាក់មេក្រូបន្លឺសំឡេងដើម្បីធ្វើការគាំទ្រអបអរសាទរ និងបួងសួងឲ្យការជីកព្រែកហ្វូណនតេជោដំណើរការលូន និងសម្រេចតាមផែនការគ្រោងទុក។

លោក ស៊ូ សេន គណៈមេគណអ៊ីស្លាមខេត្តកណ្តាល ឬហៅគណៈអ៊ីម៉ាំខេត្តកណ្តាល និងតំណាងមេគណៈអ៊ីស្លាមមកពីខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែកក្កដានេះថា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បណ្តាសាសនិកអ៊ីស្លាមនឹងធ្វើការជួបជុំគ្នាតាមបណ្តាព្រះវិហារអ៊ីស្លាមទាំង២១ទីតាំងនៅទូទាំងខេត្តកណ្តាល និងព្រះវិហារអ៊ីស្លាមចំនួន២ទីតាំងនៅខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរការបើកការដ្ឋានជាផ្លូវការការជីកព្រែកហ្វូណនតេជោ និងបួងសួងសុំសេចក្តីសុខចម្រើន។

សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោងព្រែកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនារៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយបន្លឺជាសំឡេងឲ្យបានកងរំពងនៅក្នុងតាមទីវត្តអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា

