សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង ខណៈភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទាំងពីរ។

របាយការណ៍បាននិយាយដោយដកស្រង់សំដីកងទ័ពជើងទឹករំដោះប្រជាជនចិនថា ចិន និងរុស្ស៊ី នឹងបញ្ជូននាវាយ៉ាងហោចណាស់ចំនួន ៣ គ្រឿងក្នុងភាគីម្ខាងៗសម្រាប់សមយុទ្ធរយៈពេល ៣ថ្ងៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតបាននិយាយថា សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការល្បាតរួមគ្នារបស់កងទ័ពជើងទឹកដាច់ដោយឡែកមួយនៅភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក។

យោងតាមកងនាវាចរសមុទ្រខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១៦ កក្កដា) ថា សមយុទ្ធមួយនេះនឹងមើលឃើញកងនាវាចម្បាំងអនុវត្តការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការឈ្លបយកការណ៍ និងការព្រមានជាមុន ការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងការការពារដែនអាកាស។ របាយការណ៍មិនបានបញ្ជាក់ថាតើសមយុទ្ធនឹងប្រព្រឹត្តទៅនៅកន្លែងណាក្នុងផ្លូវទឹកនជម្លោះនោះទេ។

ចិនអះអាងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល រួមទាំងដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន។ កំណើនភាពតានតឹងបានធ្វើឱ្យក្រុមមន្ត្រីអាមេរិក រំលឹកទីក្រុងប៉េកាំងថា កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងការពារទៅវិញទៅមករបស់ពួកគេជាមួយនឹងហ្វីលីពីន គឺមានភាពរឹងមាំ៕