ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីកណ្តាលនិយម លោក ហ្កាប្រ៊ីយ៉ែល អាតាល់ (Gabriel Attal) និងរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃអង្គារ (១៦ កក្កដា) ប៉ុន្តែនឹងបន្តនៅក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។

ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលចាំផ្ទះនឹងដំណើរការកិច្ចការបច្ចុប្បន្ននៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ ប៉ុន្តែមិនអាចដាក់ច្បាប់ថ្មីទៅសភា ឬធ្វើការផ្លាស់ប្តូរសំខាន់ៗណាមួយបានឡើយ។ តួនាទីរបស់រដ្ឋាភិបាលនេះនឹងរួមបញ្ចូលទាំងការធ្វើឱ្យប្រាកដថាការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដំណើរការដោយរលូន។

ធ្លាប់មានរដ្ឋាភិបាលចាំផ្ទះពីមុនមកនៅបារាំង ប៉ុន្តែពុំមានរដ្ឋាភិបាលណាមួយដែលនៅបន្តលើសពីប៉ុន្មានថ្ងៃនោះទេ។ មិនមានការកំណត់ទេលើថា តើរដ្ឋាភិបាលស្តីទីអាចបន្តកាន់កាប់បានរយៈពេលប៉ុន្មាន ព្រោះសភាមិនអាចបង្ខំរដ្ឋាភិបាលចាំផ្ទះឱ្យចុះចេញបានឡើយ។

ច្បាប់ដ៏តឹងរ៉ឹងលើការបែងចែកអំណាចជាធម្មតាមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីបារាំងធ្វើជាសមាជិកសភាក្នុងពេលដំណាលគ្នានោះទេ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការលាលែងពីតំណែងនេះ បើទោះបីជាពួកគេបន្តស្ថិតក្នុងតួនាទីរដ្ឋាភិបាលចាំផ្ទះក៏ដោយ ក៏នឹងអនុញ្ញាតឱ្យលោក Attal និងសមាជិកដទៃទៀតនៃរដ្ឋាភិបាល អាចនៅក្នុងសភា និងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភានាពេលខាងមុខនេះដែរ៕