នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលរួមគ្នានៅទីក្រុងប្រាក(Prague)សាធារណរដ្ឋឆេកថា ក្រុមហ៊ុនរដ្ឋ អ៊ូក្រូបូរ៉ូសឺវីស( Ukroboronservice) និងក្រុមហ៊ុនផលិតគ្រាប់រំសេវ Sellier & Bellot របស់សាធារណរដ្ឋឆេក គ្រោងនឹងសាងសង់រោងចក្រផលិតគ្រាប់រំសេវ នៅក្នុងប្រទេសអ៊ុយក្រែន។

សាធារណរដ្ឋឆេក គឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ទីក្រុងគីវ ក្នុងការប្រយុទ្ធ ដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី ដោយបានដឹកនាំគំនិតផ្តួចផ្តើមមួយ ដែលបានផ្តល់ប្រភពគ្រាប់រំសេវរាប់ម៉ឺនគ្រាប់ពីជុំវិញពិភពលោក។
លោក Shmyhal និយាយថា ក្នុងចំណោមកិច្ចព្រមព្រៀងផ្សេងទៀត នៅក្នុងឧស្សាហកម្មការពារជាតិ រោងចក្រជុំថ្មីមួយ នឹងត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ុយក្រែន។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Sellier & Bellot និងក្រុមហ៊ុន Ukroboronservice។
លោក Shmyhal និយាយថា ប្រទេសអ៊ុយក្រែន បានទទួលគ្រាប់រំសេវបាញ់ផ្លោងចំនួន ៥០.០០០ គ្រាប់ ដំបូងពីគំនិតផ្តួចផ្តើមរបស់ប្រទេសឆេក ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។
នាយករដ្ឋមន្ត្រីរបស់សាធារណរដ្ឋឆេក លោក Petr Fiala បាននិយាយថា ការជំរុញគ្រាប់រំសេវ គួរតែបន្តរហូតដល់ឆ្នាំក្រោយ។ គ្រាប់កាំភ្លើងធំប្រហែលកន្លះលានគ្រាប់ ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ ពីការជំរុញរបស់សាធារណរដ្ឋឆេក ដែលប្រើប្រាស់ការរួមចំណែកពីបណ្តារដ្ឋ និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ចំពោះប្រភពគ្រាប់រំសេវនៅក្រៅសហភាពអឺរ៉ុប។