របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថា កុមារជាង៦០នាក់ នៅក្នុងប្រទេសអែលសាវ៉ាឌ័រ ត្រូវបានឃុំខ្លួន ធ្វើទារុណកម្ម និងវាយដំតាមអំពើចិត្ត ចាប់តាំងពីរដ្ឋាភិបាល បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាង២ឆ្នាំកន្លងទៅនេះ ដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល។

យោងតាមក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឲ្យដឹងថា នគរបាល និងទាហាន បានឃុំខ្លួនកុមារ និងក្មេងជំទង់ចំនួន ៣.៣១៩នាក់ ចាប់ពីខែមីនា ឆ្នាំ២០២២ រហូតដល់ខែមេសា ក្នុងឆ្នាំនេះ ជាពេលវេលា ដែលស្ថានភាពរដ្ឋក្នុងគ្រាអាសន្នត្រូវបានដាក់ចេញ និងបានផ្អាកសិទ្ធិស៊ីវិលមួយចំនួន ដើម្បីចាប់ផ្តើមការជម្រះក្តីទ្រង់ទ្រាយធំ ។

រដ្ឋាភិបាលប្រទេសអែលសាវ៉ាឌ័រ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារព័ត៌មានReuters ទេ ប៉ុន្តែកាលពីពេលមុន បាននិយាយថាការធ្វើទារុណកម្ម មិនកើតឡើងនៅក្នុងពន្ធនាគាររបស់ខ្លួនឡើយ។ ក្រុមនេះ បានចងក្រងឯកសា ចំនួន៦៦ ករណី នៃអនីតិជនដែលត្រូវបានឃុំខ្លួនដោយបំពាន ការធ្វើទារុណកម្ម និងការរំខានពីនគរបាល ដោយព្រមានថា ការចាប់ខ្លួន ទំនងជាផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ចសង្គម ច្រើនជាងភស្តុតាងដែលអាចជឿទុកចិត្តបាន។
មនុស្សជាង ៨០.៥០០នាក់ ត្រូវបានចាប់ខ្លួននៅក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដែលបានគ្រប់គ្រងដើម្បីកាត់បន្ថយចំនួនមនុស្សឃាតយ៉ាងច្រើន ដែលធ្វើឱ្យប្រទេសតូចនៅអាមេរិកកណ្តាលមួយនេះ ក្លាយជាប្រទេសមានសុវត្ថិភាពបំផុតនៅទ្វីបអាមេរិក។
កាលពីសប្តាហ៍មុន អង្គការសិទ្ធិមនុស្សក្នុងស្រុក Cristosal បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦៥នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់រដ្ឋ រួមទាំងទារក៤នាក់ ផងដែរ។