ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងអន្តរខេត្ត កាលពីថ្ងៃអង្គារ នៅលើផ្លូវហាយវ៉េ ក្នុងតំបន់ Ayacucho ភាគនិរតីប្រទេសប៉េរូ បានកើនឡើងដល់២៦នាក់។

យោងតាមបណ្តាញទូរទស្សន៍ឯកជន បានរាយការណ៍ថា អ្នកស្លាប់ចំនួន២៦ នាក់ ត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ។ នៅពេលដំបូង នគរបាល បានរាយការណ៍ថា មនុស្ស២១នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

រថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Empresa Turismo Molina Union SAC» បានរេចង្កូតចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រហែល២០០ម៉ែត្រ ក្នុងខេត្ត Cangallo តំបន់ Ayacucho ។
ប្រធាននាយកដ្ឋានការពារផ្លូវថ្នល់របស់នគរបាលជាតិ បាននិយាយឱ្យដឹងថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរលើផ្លូវ Lima-Ayacucho ដោយមានអ្នកដំណើរប្រហែល៤០នាក់នៅលើរថយន្ត។
រថយន្តគិលានសង្គ្រោះចំនួន៥គ្រឿង មកពីមណ្ឌលសុខភាពតំបន់ នាយកដ្ឋានពន្លត់អគ្គីភ័យ និងអង្គភាពសេវាសុខភាពនគរបាល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។