កាលបរិច្ឆេទកំណត់ បានមកដល់កាលពីថ្ងៃអង្គារ សម្រាប់បុរសអ៊ុយក្រែនដែលមានអាយុចូលប្រយុទ្ធដើម្បីចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ចូលបម្រើយោធាក្រោមច្បាប់កេណ្ឌថ្មី។

ច្បាប់នេះត្រូវបានអនុម័តកាលពីខែឧសភា ដើម្បីដោះស្រាយកង្វះទាហានក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយការរឹតត្បិតចំពោះការកេណ្ឌកងទ័ព។ ច្បាប់នេះ តម្រូវឱ្យបុរសដែលមានអាយុពី១៨ ទៅ៦០ឆ្នាំ ផ្តល់អាសយដ្ឋាន និងព័ត៌មានគ្រួសារ របស់ពួកគេដល់យោធាក្នុងរយៈពេលកំណត់។

កាលពីថ្ងៃចន្ទ បានឃើញមនុស្សប្រហែល ៥០ នាក់តម្រង់ជួរសម្រាប់ការចុះឈ្មោះនៅការិយាល័យរដ្ឋាភិបាល ក្នុងរដ្ឋធានីគីវ។
បុរសអាយុ២៥ឆ្នាំម្នាក់ បាននិយាយថា ការចុះឈ្មោះជារឿងសំខាន់ដែលត្រូវធ្វើ។ លោកនិយាយថា ជំនាញដែលលោកទទួលបានពីការអប់រំផ្នែកស្ថាបត្យកម្ម អាចជួយលោកនៅសមរភូមិបាន។
បុរសអាយុ២៨ឆ្នាំម្នាក់ទៀត និយាយថាលោកគិតថា ស្ថានភាពនៅសមរភូមិ គឺធ្ងន់ធ្ងរ។ លោកមិនអាចគាំទ្រច្បាប់ថ្មីនេះឲ្យបានពេញលេញនោះទេ ប៉ុន្តែគ្មានជម្រើសផ្សេងទៀតឡើយ។
ការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវរបស់អ៊ុយក្រែន ដែលចេញផ្សាយកាលពីខែមុន បានរកឃើញថា៥២ ភាគរយនៃអ្នកឆ្លើយតប និយាយថាពួកគេ មិនយល់ស្របចំពោះច្បាប់ថ្មីនេះទេ។
អ្នកសារព័ត៌មាន NHK នៅអ៊ុយក្រែន ក៏បានស្តាប់ឮមនុស្សមួយចំនួននៅក្នុងទីក្រុងគីវ និយាយថាពួកគេនឹងមិនចុះឈ្មោះនោះទ ព្រោះពួកគេមិនចង់ត្រូវបានឲ្យគេបញ្ជូនទៅប្រយុទ្ធ ឬសម្រាប់ហេតុផលផ្សេងទៀត។
ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសថា មនុស្សប្រហែល៤លាននាក់ បានបញ្ចប់ការចុះឈ្មោះគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រធានាធិបតី លោក Volodymyr Zelenskyy បានបញ្ជាក់ថា ផែនការកេណ្ឌកងទ័ព កំពុងដំណើរការដោយរលូន។