រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយ កាលពីថ្ងៃអង្គារថា គោលនយោបាយការបរទេសរបស់រដ្ឋបាលថ្មី នឹងបញ្ជាក់លើការធ្វើឲ្យប្រសើរពហុភាគីនិយម ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក Bagheri Kani បានបញ្ជាក់អំពីជំហរផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian)។

អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា រដ្ឋបាលរបស់លោក Pezeshkian មានគោលបំណង បើកចំហរ និងពង្រីកទំនាក់ទំនងមិត្តភាព ជាមួយរដ្ឋាភិបាលផ្សេងទៀត ដោយផ្អែកលើកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព និងការគោរពគ្នាទៅវិញទៅមក។
លោក Pezeshkian ត្រូវបានប្រកាសជាប្រធានាធិបតីបន្ទាប់ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងការបោះឆ្នោតជុំទី២ ជាមួយលោក Saeed Jalili អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ។
លោក Bagheri Kani និយាយថា អ៊ីរ៉ង់គាំទ្រគំនិតផ្តួចផ្តើម ការធ្វើឲ្យប្រសើរពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ដោយពណ៌នាអំពីពហុភាគីនិយមថាជាគន្លឹះក្នុងការដោះស្រាយការគំរាមកំហែង និងបញ្ហាប្រឈមសកល លោក Bagheri Kani បានរិះគន់ការដាក់ទណ្ឌកម្មជាឯកតោភាគី ដោយចាត់ទុកថា ជាការបង្ហាញឱ្យឃើញពីភាព «ជ្រុលនិយម និងអមនុស្សធម៌» នៃឯកតោភាគី។
លោកបានទទូចឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច គួរតែទទួលខុសត្រូវចំពោះការទទួលរងដែលបណ្តាលមកពីការដាក់ទណ្ឌកម្មទាំងនេះ រួមទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ផងដែរ។
លោក Bagheri Kani បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្តោតលើស្ថានភាពកើនឡើងនៅមជ្ឈិមបូព៌ា។