ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធីបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បុគ្គលិកអបរំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ចំនួន១២៥៨នាក់ នៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ។
ក្នុងពិធីនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យទាំងអស់ ដែលកន្លងមកបានខិតខំពុះពាររាល់ឧបសគ្គមិនខ្លាចនូវការនឿយហត់ចំពោះការផ្តល់ចំណេះដឹងជូនដល់សិស្សនុសិស្សពិសេស ក្នុងអំឡុងពេលវិបត្តិកូវីដ លោកគ្រូអ្នកគ្រូបានខិតខំរិះរកនូវគ្រប់មធ្យោបាយ ក្នុងការបង្រៀនក្រៅម៉ោង ដើម្បីធ្វើឲ្យសិស្សានុសិស្សទទួលបានការសិក្សាប្រកបដោយគុណភាពខ្ពស់ផងដែរ។
យ៉ាងណាម៉ិញឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ថ្លែងការផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ត្រូវខិតខំបំពេញការងារក្នុងការផ្តល់ចំណេះជូនដល់សិស្សានុសិស្សឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសនោះការបញ្ជៀបលើការផ្សព្វផ្សាយសារាចរអប់រំចំពោះបញ្ហាគ្រឿងញៀន ក្នុងសាលាជូនដល់សិស្សានុសិស្សឲ្យបានកាន់តែទំលំទូលាយផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានផ្តល់នូវគ្រឿងឥស្សរិយយសការងារបំពាក់ជូនដល់បុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ទាំង១២៥៨នាក់ ក្នុងនោះគ្រឿងឥស្សរិយយស មេដៃមាស សំរិទ្ធ និងមេដៃប្រាក់ផងដែរ៕








