នគរបាលថៃ បាននិយាយនៅថ្ងៃពុធ (១៧ កក្កដា) នេះថា ការពុលសារធាតុ ស្យានីត (Cyanide) ទំនងជាមូលហេតុនៃការស្លាប់របស់ជនបរទេស ៦ នាក់ដែលសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងសណ្ឋាគារដ៏ប្រណីតមួយក្នុងទីក្រុងបាងកក ដោយជនសង្ស័យជាឃាតករក្នុងចំណោមអ្នកស្លាប់នោះ។

នគរបាលបាននិយាយថា សារធាតុគីមីដែលសម្លាប់មនុស្សយ៉ាងឆាប់រហ័សនោះ ត្រូវបានរកឃើញនៅក្នុងកែវភេសជ្ជៈ និងប៉ាន់តែក្នុងបន្ទប់ក្នុងសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) ហើយកិច្ចសម្ភាសន៍ជាមួយសាច់ញាតិអ្នកស្លាប់បានបង្ហាញថា មានជម្លោះលើបំណុលទាក់ទងនឹងការវិនិយោគ។

អ្នកទាំងប្រាំមួយនាក់នោះសុទ្ធតែជាជនជាតិវៀតណាម ពីរនាក់ក្នុងចំណោមនោះមានសញ្ជាតិអាមេរិក ហើយត្រូវបានគេរកឃើញថាបានស្លាប់កាលពីល្ងាចថ្ងៃអង្គារ។

លោក ទ្រីរ៉ុង ភីវផាន់ (Trirong Phiwpan) មេបញ្ជាការការិយាល័យភ័ស្តុតាងនគរបាលថៃ បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានរកឃើញសារធាតុ Cyanide នៅក្នុងកែវទឹកអ្នកទាំងប្រាំមួយនោះ។ បន្ទាប់ពីបុគ្គលិកបានយកកែវ និងដបទឹកក្តៅចំនួនពីរ ទឹកដោះគោ និងប៉ាន់តែ មានមួយក្នុងចំណោមនោះផ្ទុកសារធាតុពុល Cyanide នេះ»។ នគរបាលបាននិយាយថា លទ្ធផលនៃការធ្វើកោសល្យវិច័្ចយត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃបន្ទាប់។
រដ្ឋាភិបាលវៀតណាមបាននិយាយថា ស្ថានទូតរបស់ខ្លួននៅទីក្រុងបាងកក កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃលើករណីនេះ ខណៈក្រសួងការបរទេសអាមេរិកនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ហើយអាជ្ញាធរក្នុងតំបន់ទទួលខុសត្រូវចំពោះការស៊ើបអង្កេតនេះ៕