អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤នេះ បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិកកាំង រៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្សសរុបចំនួនជាង ២០០នាក់។

នៅក្រោយចប់កម្មវិធីនេះ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីឲ្យសិស្សានុសិស្សយល់ច្បាស់អំពីលក្ខខណ្ឌ កាតព្វកិច្ច និងសិទ្ធិដែលត្រូវទទួលបាន សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

លោកបានបន្តថា គោលបំណងសំខាន់មួយថែមទៀត គឺណែនាំឲ្យអ្នកចូលរួមទាំងអស់ទាញយកកម្មវិធី CCF Complaint App ទៅក្នុងទូរស័ព្ទ Smart Phone ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង តាមអេបមួយនេះ (App) ដើម្បីចាត់វិធានការណ៍តាមច្បាប់។

ពាក់ព័ន្ធកិច្ចសហការក្នុងការរៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ខាងលើនេះ លោក ហ៊ិន គឹមហៀក ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀនអន្តរទ្វីប អាមេរិកកាំង បានឲ្យ ប៊ីធីវី ដឹងថា សាលានឹងបន្តការងារនេះជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. បន្ថែមទៀត ដើម្បីបញ្រ្ជៀបការយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ ទៅកាន់សិស្សានុសិស្សគ្រប់សាខាទាំងអស់ ដើម្បីឲ្យពួកគាត់បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា ដែលបានបង្ហាញជូនក្នុងឯកសារ។

សូមជម្រាបជូនថា នៅក្នុងវគ្គផ្សព្វផ្សាយនេះដែរ ក.ប.ប. ក៏បានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលជាការផ្តល់ចំណេះដឹងសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។ ជាមួយនោះ មន្រ្តីជំនាញ ក៏បានផ្សព្វផ្សាយដល់អ្នកចូលរួមទាញយកកម្មវិធី CCF Complaint App ឬទាក់ទងតាមលេខទូរសព្ទ Hotline របស់ក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ លេខ1266 ដែលជាយន្តការដាក់ពាក្យបណ្តឹងពីអ្នកប្រើប្រាស់ ទៅកាន់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន ក.ប.ប.៕ អត្ថបទ៖ ឈិត បូរ៉ាវី



