ម៉ារ៉ាតុង៖ កីឡាការិនីសញ្ជាតិអេចូពី Yalemzerf Yehualaw បានបំបែកកំណត់ត្រារត់ពាក់កណ្ដាលម៉ារ៉ាតុងលឿនបំផុតលើលោក ក្រោយយកឈ្នះព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង Antrim Coast នៅប្រទេសអៀកឡង់ខាងជើង។

កីឡាការិនីវ័យ ២២ឆ្នាំរូបនេះបានប្រើថេរវេលា ៦៣នាទី ៤៣វិនាទី បំបែកកំណត់ត្រាចាស់ ១៩វិនាទីដែលធ្វើបានដោយកីឡាការិនីកេនយ៉ា Ruth Chepngetich ដែលធ្វើបានកាលពីដើមឆ្នាំ។ នាងក៏បានបំបែកកំណត់ត្រារបស់ខ្លួនឯងដល់ទៅ ៥៧វិនាទីផងដែរដែលធ្វើបានកាលពីនៅទីក្រុង Istanbul ប្រទេសទួរគីនៅពេលដែលម្ចាស់កំណត់ត្រាចាស់ Ruth Chepngetich ជាអ្នកឈ្នះ។
ងាកមកការប្រកួតផ្នែកបុរសវិញ ជ័យជំនះបានទៅកីឡាករមិត្តរួមជាតិអេចូពីផងដែរ Jemal Yimer ដែលមកដល់ទីព្រ័ត្រប្រើថេរវេលា ៦០នាទី ២៩វិនាទី។ ផ្នែកបុរសនេះមានការប្រកួតដ៏តានតឹងដោយកីឡាករ ៣រូបមកដល់ទីព្រ័ត្រយ៉ាងប្រកៀកប្រកិត ពោលគឺអ្នកលេខ២ កីឡាករសញ្ជាតិអេចូពីមួយរូបទៀត Tesfahun Akalnew មកដល់ទីយឺតជាង ១វិនាទី និងលេខ៣ កីឡាករកេនយ៉ា Shadrack Kimining យឺតជាង ១វិនាទីពីក្រោយទៀត។ ៦០នាទី ២៩វិនាទីរបស់ Jemal Yimer ប្រកៀកប្រកិតនឹងកំណត់ត្រាចាស់របស់ Mo Farah ដែលធ្វើបានល្អជាងនេះ ២វិនាទីកាលពីឆ្នាំមុននៅទីនេះ៕
អត្ថបទ៖នាង សុភាវុធ