បង់ក្លាដែស បានបញ្ឈប់បុគ្គលិកសន្តិសុខមីយ៉ាន់ម៉ារាប់សិបនាក់ ដែលព្យាយាមរត់ភៀសខ្លួនពីការវាយរុលរបស់កងទ័ពក្រុមឧទ្ទាម មិនឱ្យឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួន នេះបើតាមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែលមានមូលដ្ឋាននៅជិតព្រំដែនទន្លេរបស់ប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃអង្គារ (១៦ កក្កដា)។

កងទ័ពមីយ៉ាន់ម៉ា រាប់រយនាក់បានរត់ភៀសខ្លួនទៅឥណ្ឌា និងបង់ក្លាដែស ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ ដែលជាធម្មតាស្នាក់នៅជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរដែលរៀបចំដោយរបបសឹក។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់សមាជិក ៦៦ នាក់នៃនគរបាលការពារព្រំដែនមីយ៉ាន់ម៉ា (BGP) ត្រូវបានបញ្ជូនត្រឡប់ទៅវិញភ្លាមៗ ខណៈពេលដែលព្យាយាមឆ្លងទន្លេ ណាហ្វ (Naf) ចូលទៅបង់ក្លាដែស។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បង់ក្លាដែសបានទទួលយកទាហានមីយ៉ាន់ម៉ាដែលភៀសខ្លួនជាង ៨៥០ នាក់នៅឆ្នាំនេះ។ លោកបាននិយាយថា «យើងបានបញ្ជូនទាហានចំនួន ៧៥២ នាក់ទៅមីយ៉ាន់ម៉ាវិញរួចហើយ» ដោយបន្ថែមថានគរបាលព្រំដែន និងទាហានប្រហែល ១០០នាក់កំពុងរង់ចាំធ្វើមាតុភូមិនិវត្តន៍។

ការប៉ះទង្គិចគ្នាបានអង្រួនព្រំដែនភាគខាងលិចរបស់មីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពអារ៉ាកាន (AA) បានវាយប្រហារកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ឆ្នាំមុនមក ដោយបំផ្លាញបទឈប់បាញ់ដែលបានធ្វើឡើងយ៉ាងទូលំទូលាយចាប់តាំងពីរដ្ឋប្រហារមក៕