ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ (១៦ កក្កដា) ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់កាលពីថ្ងៃចន្ទ ដោយសារព្យុះផ្គររន្ទះបាននាំមកនូវខ្យល់បក់ខ្លាំង និងលទ្ធភាពនៃព្យុះកួច ដល់ផ្នែកខ្លះនៃរដ្ឋ អាយអូវ៉ា (Iowa) រដ្ឋ អ៊ីលីណយ (Illinois) និងរដ្ឋ អ៊ីនឌីអាណា (Indiana) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងបង្កការខូចខាតយ៉ាងទូលំទូលាយ។

យោងតាមអ្នកជំនាញឧតុនិយមរបស់មជ្ឈមណ្ឌលព្យាករណ៍ព្យុះរបស់សេវាអាកាសធាតុជាតិ បានឱ្យដឹងថា បណ្ដាញនៃព្យុះផ្គររន្ទះនេះបានចាប់ផ្តើមនៅក្នុងរដ្ឋ Iowa ហើយបានឆ្លងកាត់ផ្នែកខ្លះនៃរដ្ឋ Illinois និងភាគខាងត្បូងរដ្ឋ វីស្ខនស៊ិន (Wisconsin) ចូលទៅក្នុងរដ្ឋ Indiana និងភាគខាងត្បូងនៃរដ្ឋ មីឈីហ្កែន (Michigan)។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្នទីក្រុងឈីកាហ្គោ (Chicago) បានព្រមានអ្នកស្រុកអំពីខ្យល់បក់ខ្លាំងរហូតដល់ល្បឿនជាង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សេវាកម្មអាកាសធាតុបាននិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារ ខ្យល់ព្យុះបានបោកបក់ចេញពីតំបន់នោះ ដោយបន្សល់ទុក «ការខូចខាតជាច្រើន»។
មនុស្សប្រហែល ២០០.០០០ នាក់នៅតំបន់ ណស អ៊ីលីណយ (Northern Illinois) និង ១៧០.០០០ នាក់នៅរដ្ឋ Indiana គ្មានថាមពលប្រើប្រាស់កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរជាង ៦០ នៅអាកាសយានដ្ឋាន អូហែរ (O'Hare) ត្រូវបានលុបចោល ហើយជិត ៤០០ ជើងត្រូវបានពន្យារពេល៕