
ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចូលរួមជាមួយអាជ្ញាធរថៃ ដើម្បីស៊ើបអង្កេតការស្លាប់ដ៏អាថ៌កំបាំងរបស់ជនបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារប្រណីតមួយ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (ទី១៦ ខែកក្កដា)។ នេះបើយោងតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)។
លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះថា ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក កំពុងជួយស៊ើបអង្កេតករណីនេះ ខណៈដែលភ្ញៀវ ២នាក់ ក្នុងចំណោមភ្ញៀវទាំង ៦នាក់នោះ ដែលត្រូវបានប្រទះឃើញថា ស្លាប់ នៅក្នុងសណ្ឋាគារនោះ គឺជាពលរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សពជនរងគ្រោះទាំងនោះ ត្រូវបានប្រទះឃើញ កាលពីថ្ងៃទី១៦ ខែកក្កដា នៅក្នុងបន្ទប់សណ្ឋាគារ Grand Hyatt Erawan Bangkok ដែលមានទីតាំងនៅជិតផ្លូវប្រសព្វ Ratchaprasong ជាតំបន់ពេញនិយម ដែលសម្បូរភ្ញៀវទេសចរបរទេស។
កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី បានប្រាប់ថា ជនរងគ្រោះទាំងនោះទំនងជាត្រូវបានសម្លាប់ដោយការបំពុល ហើយបានបាត់បង់ជីវិតក្នុងរយៈពេលប្រហែល ២៤ម៉ោង មុនពេលត្រូវបានរកឃើញ ដោយលោកបានព្រមានប្រឆាំងនឹងការសន្និដ្ឋានដំបូង «ព្រោះវាអាចបណ្តាលឲ្យមានការភ័ន្តច្រឡំ»។

ហើយបើយោងតាមលោក សេដ្ឋា ជនរងគ្រោះទាំង ៦នាក់នោះ គឺជាជនជាតិវៀតណាម ក្នុងនោះមាន ២នាក់មានសញ្ជាតិអាមេរិក។ អាជ្ញាធរកំពុងធ្វើការសន្និដ្ឋានថា អាចមានជនជាតិវៀតណាមទី៧។ លោកបានបន្ថែមថា នគរបាលនឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីមូលហេតុនៃការស្លាប់ នៅពេលដែលមានព័ត៌មានលម្អិតនៃការធ្វើកោសល្យវិច័យបឋម និងការរកឃើញផ្សេងទៀត៕