
ក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលរដ្ឋ Ohio ចំនួន ៥រូប ដែលឈរជើងនៅទីក្រុង Milwaukee ដើម្បីជួយធានាសន្តិសុខ នៅឯសន្និបាតគណបក្សសាធារណរដ្ឋ បានបាញ់ប្រហារទៅលើបុរសម្នាក់ នៅក្នុងតំបន់លំនៅឋានមួយ កាលពីរសៀលថ្ងៃអង្គារ (ទី១៦ ខែកក្កដា) ដោយបានសម្លាប់ជននោះតែម្ដង។
អាជ្ញាធរបាននិយាយថា បុរសនេះមានកាន់កាំបិតនៅក្នុងដៃទាំងសងខាងៗ ហើយបានវាយប្រហារទៅលើមនុស្សម្នាក់ទៀត នៅពេលដែលមន្រ្តីមកពីទីក្រុង Columbus រដ្ឋ Ohio បានធ្វើអន្តរាគមន៍។ ការបាញ់ប្រហារនេះ បានកើតឡើងចម្ងាយប្រហែល ១,៧គីឡូម៉ែត្រពីវេទិកា Fiserv ជាកន្លែងដែលសន្និបាតបានដំណើរការចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាមក។

គួរបញ្ជាក់ថា មន្ត្រីរបស់ទីក្រុង Columbus ដែលជាផ្នែកនៃមន្ត្រីជំនួយចំនួន ៤.៥០០នាក់ពីទូទាំងប្រទេស បានទៅកាន់ទីក្រុង Milwaukee ដើម្បីជួយដល់អាជ្ញាធរក្នុងតំបន់ គឺជាផ្នែកមួយនៃអង្គភាពល្បាតដោយកង់ដែលមានឯកសណ្ឋាន ហើយកំពុងប្រជុំពិភាក្សាការងារប្រចាំថ្ងៃរបស់ពួកគេ នៅពេលដែលការវាយប្រហារបានកើតឡើងនៅក្បែរនោះ។
រូបភាពវីដេអូពីកាមេរ៉ាលើដងខ្លួន ដែលត្រូវបានចេញផ្សាយដោយអាជ្ញាធរ បង្ហាញថា មន្ត្រីបានឃើញការវាយប្រហារនេះ។ មន្ត្រីបានរត់ទៅរកបុរសនោះ ហើយស្រែកឲ្យរូបគេទម្លាក់កាំបិតចុះម្ដងហើយម្ដងទៀត។ នៅពេលដែលជននោះមិនព្រមធ្វើតាម មន្ត្រីនគរបាលបានចាប់ផ្តើមបាញ់ប្រហារ ហើយជននោះក៏ដួលទៅលើដីតែម្ដង។
អាជ្ញាធរមិនបានបញ្ចេញឈ្មោះបុរសដែលត្រូវបានសម្លាប់នោះទេ ប៉ុន្តែបាននិយាយថា ជននោះមានវ័យ ៤៣ឆ្នាំ និងជាអ្នករស់នៅក្នុងរដ្ឋ Milwaukee៕