
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បាននិយាយថា ខ្លួននឹងប្រកាសសាលក្រម នៅថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធនឹងសំណុំរឿងដែលស្វែងរកការរំលាយក្រុមប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward) ដែលជាគណបក្សដ៏ធំបំផុត នៅក្នុងសភា។
គួរបញ្ជាក់ថា សំណុំរឿងនេះកើតចេញពីញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីឲ្យមានការរំសាយគណបក្សបោះជំហានទៅមុខ ជុំវិញផែនការរបស់គណបក្សនេះ ក្នុងការចង់ឲ្យធ្វើវិសោធនកម្មច្បាប់ ដែលការពារមិនឲ្យមានការរិះគន់លើរបបរាជានិយមដ៏មានឥទ្ធិពល តែយុទ្ធនាការនោះត្រូវបានគណបក្សទម្លាក់ចោលកាលពីដើមឆ្នាំនេះ តាមបញ្ជារបស់តុលាការ។ គណបក្សបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថាប័ននេះបានឲ្យដឹងថា៖ «តុលាការបានពិចារណាថា មានភស្តុតាងគ្រប់គ្រាន់ ដើម្បីសម្រេចលើករណីនេះ»។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចដាច់ដោយឡែកមួយរបស់តុលាការធម្មនុញ្ញក្នុងខែមករា ដែលបានកំណត់ថា យុទ្ធនាការរបស់គណបក្សបោះជំហានទៅមុខ ដើម្បីឲ្យមានការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនោះ ជាកិច្ចខិតខំប្រឹងប្រែងលាក់មុខ ដើម្បីធ្វើឲ្យខូចដល់របបរាជានិយម។
តុលាការបានបញ្ជាឲ្យគណបក្សបញ្ឈប់យុទ្ធនាការរបស់ខ្លួន ហើយមិនបានអំពាវនាវឲ្យមានការផ្ដន្ទាទោសអ្វីទៀតនោះទេ នាពេលនោះ៕