
ប្រធាន CIA លោក Bill Burns បានថ្លែងប្រាប់សន្និសីទបិទទ្វារកាលពីថ្ងៃសៅរ៍ថា CIA បានវាយតម្លៃថា មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីមេបញ្ជាការយោធារបស់ខ្លួន ឲ្យទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងបញ្ចប់សង្គ្រាមជាមួយអ៊ីស្រាអែល។ នេះបើតាមប្រភពដែលបានចូលរួមសន្និសីទ។
លោក Burns បាននិយាយនៅឯសន្និសីទនោះថា លោក ស៊ីនវ៉ា ដែលជាស្ថានិកដ៏សំខាន់នៃការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលានៅអ៊ីស្រាអែលមិន «ព្រួយបារម្ភជាមួយនឹងការស្លាប់របស់ខ្លួនទេ» ប៉ុន្តែកំពុងប្រឈមមុខនឹងសម្ពាធនៃការស្តីបន្ទោសចំពោះការរងទុក្ខដ៏ធំ នៅតំបន់ហ្កាហ្សា។

មន្ត្រីចារកម្មអាមេរិក ជឿថា លោក ស៊ីនវ៉ា កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី នៅក្រោមស្រុកកំណើតរបស់គាត់ គឺទីក្រុងខាន់ យូនីស ( Khan Younis) នៅក្នុងតំបន់ហ្កាហ្សា ហើយជាអ្នកធ្វើការសម្រេចចិត្តដ៏សំខាន់សម្រាប់ក្រុមហាម៉ាសលើថាតើត្រូវទទួលយកកិច្ចព្រមព្រៀងដែរឬយ៉ាងណា។
លោក Burns ដែលអស់រយៈពេលជាច្រើនខែ បានធ្វើការចរចាយ៉ាងស្វិតស្វាញ ក្នុងនាមជាបុគ្គលសំខាន់របស់រដ្ឋបាលលោក បៃដិន បាននិយាយថា ពេលនេះ គឺពិតជាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលអ៊ីស្រា អែល និងក្រុមហាម៉ាស ទាញយកអត្ថប្រយោជន៍ ដើម្បីឈានដល់បទឈប់បាញ់មួយ ដោយសារតែវា មានរយៈពេលជាង ៩ខែហើយ ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម។