ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ហូឡង់ Max Verstappen របស់ក្រុម Red Bull Racing ត្រូវបានប្រកាសជាអ្នកឈ្នះការប្រកួត F1 នៅប្រទេសប៊ែលហ្ស៊ិកដោយមិនបានប្រកួតដោយសារភ្លៀងធ្លាក់ជោគជាំនៅទីលាន Spa-Francorchamps ឥតឈប់ឈរ។

ការប្រកួតដែលមានភ្លៀងធ្លាក់ខ្លាំងនេះត្រូវបានពន្យាពេលចាប់ផ្តើមកន្លះម៉ោង មុនពេលដែលគណៈកម្មាការព្យាយាមឱ្យការប្រកួតចាប់ផ្តើម ២លើកតែមិនបានសំរេច ពោលគឺជិត ៣ម៉ោងរយៈពេលនៃការរង់ចាំឱ្យការប្រកួតដំណើរការ។ ក្រោយមកការប្រកួតក៏បានចាប់ផ្តើមនៅពីក្រោយរថយន្តសុវត្ថិភាព (Safety Car) ចំនួន ២ជុំកន្លះតែស្ថានភាពភ្លៀងនៅតែខ្លាំងអាចបង្កគ្រោះថ្នាក់ដល់កីឡាករបាន។ F1 ក៏បានសំរេចចិត្តផ្អាកការប្រកួតតែម្តង និងប្រកាសជ័យជំនះដល់កីឡាករ Max Verstappen ដែលជាអ្នកឈ្នះការប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ ខណៈលេខ២ បានទៅកីឡាកររបស់ក្រុម Williams, George Russell និងលេខ៣ Lewis Hamilton។
George Russell លើវេទិកាកិត្តិយសលើកដំបូងក្នុងអាជីព បន្ទាប់ពីការប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍បានលេខ២។ និយាយក្រោយចប់ការប្រកួតកីឡាករម្នាក់ៗមិនសប្បាយចិត្តឡើយ ជាពិសេស Lewis Hamilton ដែលជាគូប្រជែង Max Verstappen បាននិយាយថា ការប្រកួតគួរតែត្រូវបានលុបចោលតែម្តង ក្នុងហេតុផលការពារសុវត្ថិភាពរបស់កីឡាករ ហើយអ្នកគាំទ្រក៏គួរតែទទួលបានសំណងវិញដែរ នៅពេលពួកគេមិនបានទស្សនាការប្រកួតប្រជែង។ តាមរយៈការប្រកាសលទ្ធផលតែម្តងនេះកីឡាករម្នាក់ៗពីលេខ ១ ដល់លេខ ១០ ទទួលបានពិន្ទុពាក់កណ្តាលប៉ុណ្ណោះមានន័យថា Hamilton នៅតែបន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកមាន ២០២.៥ពិន្ទុ ខណៈ Max Verstappen មាន ១៩៩.៥ពិន្ទុ។ បន្ទាប់ពីប៊ែលហ្ស៊ិក F1 នឹងបន្តទៅទឹកដីហូឡង់ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ