
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃអង្គារ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រប់គ្រងការលក់អាវុធឱ្យកាន់តែប្រសើរ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក បានអំពាវនាវឱ្យលោក Trump និងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ចុះហត្ថលេខាលើ «ការប្តេជ្ញាចិត្តដើម្បីគ្រប់គ្រងការលក់កាំភ្លើង» ប្រសិនបើបេក្ខជនទាំងពីរឈ្នះអាណត្តិទីពីរ។
លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុង Mexico City ថា លោកគិតថា វាអាចជួយបានច្រើនក្នុងការគ្រប់គ្រងការលក់អាវុធនៅក្នុងសហរដ្ឋអាមេរិក វាគឺជាអ្វីដែលត្រូវធ្វើជាបន្ទាន់។

លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកកំពុងជួបវិបត្តិសង្គម ដែលត្រូវតែដោះស្រាយ ចេញពីឫសគល់។
នៅក្នុងការជួបជុំមួយ ដែលលោក Trump បានថ្លែងកាលពីថ្ងៃសៅរ៍កន្លងទៅ បុរសម្នាក់បាន បាញ់ជាច្រើនគ្រាប់ទៅលើលោកTrump បណ្តាលឱ្យរបួសត្រចៀកខាងស្តាំរបស់លោក និងបានសម្លាប់មនុស្សម្នាក់ នៅក្នុងហ្វូងមនុស្ស។
យោងតាមលោក Lopez Obrador បាននិយាយថា ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ ២០១៨ អាជ្ញាធរប្រទេសម៉ិកស៊ិក រឹបអូសបានអាវុធចំនួន ៥០.០០០ដើម ប្រហែល៧៥ភាគរយ ត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីសហរដ្ឋអាមេរិក ជាពិសេសពីរដ្ឋតិចសាស់។
រដ្ឋាភិបាល ម៉ិកស៊ិក បានអំពាវនាវដដែលៗ ឱ្យសហរដ្ឋអាមេរិកអនុម័តច្បាប់កាំភ្លើងកាន់តែតឹងរ៉ឹង ដើម្បីកាត់បន្ថយការផ្គត់ផ្គង់អាវុធ និងការជួញដូរអាវុធ ចូលទៅក្នុងទឹកដីប្រទេសម៉ិកស៊ិក។
