
មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់ បាននិយាយថា យានដ្រូនពីរគ្រឿង បានវាយប្រហារលើមូលដ្ឋានអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ជាទីដែលទាហានអាមេរិក ឈរ ជើង។
មន្ត្រីរូបនោះ បានប្រាប់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យានដ្រូនទាំងនោះ មិន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ខណៈដែលពួកវា បានត្រូវចំបរិវេណមូលដ្ឋានអាកាស។

មន្ត្រីដដែលបាននិយាយថា ឧទ្ធម្ភាគចក្រអាមេរិក ត្រូវបានគេមើលឃើញថា កំពុងហោះហើរពីខាងលើមូលដ្ឋានទ័ពអាកាស និងតំបន់ជុំវិញនោះ ហើយកងកម្លាំងអ៊ីរ៉ាក់ បានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ពួកគេ។
ពុំមានក្រុមណាមួយ បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រដាប់អាវុធដែលគេស្គាល់ថាជា «ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់» បានបើកការវាយប្រហារដោយរ៉ុក្កែត និងយានដ្រូនរាប់រយគ្រឿងលើមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ និងស៊ីរី។