
កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមប្រឹក្សាទីក្រុង Valencia បានបិទតំបន់ឆ្នេរចំនួន ៣កន្លែងស្ថិតនៅតាមសមុទ្រមេឌីទែរ៉ាណេ ក្រោយប្រេងកំពប់បានអណ្តែតតាមមាត់ឆ្នេរចម្ងាយ ២គ.ម ។ មូលហេតុនៃការកំពប់ប្រេង នៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ។
កម្មករបោសសម្អាតដោយមានសម្លៀកបំពាក់ការពារ ត្រូវបានគេមើលឃើញបោសសម្អាតប្រេងនៅតំបន់ឆ្នេរ El Saler ស្ថិតក្នុងឧទ្យានធម្មជាតិ Albufera ។

លោក Juan Carlos Caballero គឺជាអ្នកនាំពាក្យសាលាក្រុង Valencia និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទង់ក្រហម ត្រូវបានលើកនៅលើឆ្នេរ Saler, Arbre del Gos និងឆ្នេរ Garrofera ដោយសារតេការកំពប់ប្រេង ។
ក្រុមអាជ្ញាធរនៅទីក្រុង Valencia ដែលជាទីក្រុងធំបំផុតទី ៣របស់អេស្ប៉ាញ បានបញ្ជូនយានដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកប្រភពដើមនៃការកំពប់ប្រេង ។
ក្រុមអ្នកជំនាញ ត្រូវបានបញ្ជូនទៅសម្អាតប្រេងនៅតាមតំបន់ឆ្នេរដ៏មានប្រជាប្រិយភាពទាំងនេះ ស្ថិតនៅភាគខាងត្បូងទីក្រុង Valencia ៕