ឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ឲ្យប្រជាពលរដ្ឋ និងបងប្អូនពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក រួមទាំងគ្រឹះស្ថានឯកជននានា ដែលកំពុងបំពេញការងារ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យទាំងអស់ ដែលនៅសេសសល់ពុំទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កន្លងមកនោះ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី១ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣០សីហារហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នឹងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្ថែមទៀតថា គប្បីបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានការទទួលចាក់វ៉ាក់សាំងនោះ ត្រូវប្រញាប់រួសរាន់មកទទួលចាក់ឲ្យបានគ្រប់ៗគ្នា ដោយការស្ម័ក្រចិត្ត ដោយមិនមានការបង្ខិតបង្ខំនោះឡើយ ដើម្បីការពារខ្លួនរបស់បងប្អូនទប់ស្កាត់ពីការឆ្លងជំងឺកូវីដ-១៩។
តាមគោលដៅមូលដ្ឋានឃុំសង្កាត់របស់ខ្លួនដែលអាជ្ញាធរបានរៀបចំរួមមាន ក្មេងចាប់ពីអាយុ១២ ឆ្នាំដល់ ១៧ឆ្នាំ រួមទាំងមនុស្សពេញវ័យផងដែរ។
យ៉ាងណាម៉ិញឯកឧត្តម បានបញ្ជាក់ថា ការដែលបងប្អូនប្រជាពលរដ្ឋទាំងអស់បានទទួលការចាក់វ៉ាក់សាំងដើម្បីការពារខ្លួនគ្រប់ចំនួនបានគ្រប់ៗគ្នារួចហើយនោះ គឺវាអាចបង្កើននូវកោសិកាភាពស៊ាំក្នុងសរីរាង្គរបស់បងប្អូន ដើម្បីកាត់ផ្តាច់បាននូវការចម្លងពីវិរុសជំងឺកូវីដ-១៩នេះ ធ្វើឲ្យមានការថយចុះច្រើននឹងមិនមានការឆ្លងបន្តទៀត ក្នុងសហគមន៍បាន។
បញ្ហាទាំងអស់នេះ គឺជាការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតនឹងបារម្មណ៍ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីឲ្យជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលជាបញ្ហាមួយកំពុងតែប្រឈមខ្លាំងលើសកលលោកនេះ ៕ អត្ថបទ ៖ ឃិនសារិទ្ធ