
អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនបានឃើញពីបំណងណាមួយ សម្រាប់ការដកទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ចំពេលមានការព្រួយបារម្ភថា អតីតប្រធានាធិបតី ដូណាល់ ត្រាំ អាចពិចារណាពីការសម្រេចបែបនេះ ប្រសិនបើគាត់ ត្រឡប់ទៅកាន់តំណែង វិញ។
លោក Kevin McCarthy ដែលជាអ្នកគាំទ្រដ៏សំខាន់របស់លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នៅទីក្រុង Milwaukee រដ្ឋ Wisconsin ដែលសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋ កំពុងដំណើរការសម្រាប់កាលវិភាគរយៈពេល ៤ថ្ងៃ ដែលដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍នេះ។

លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយអំពីថាតើលោក ត្រាំ នឹងស្វែងរកការផ្លាស់ប្តូរណាមួយនៃចំនួនទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េ ប្រសិនបើគាត់ជាប់ឆ្នោតជាថ្មី ថា៖«ខ្ញុំមិនបានឃើញពីបំណងកាត់បន្ថយចំនួនទាហាន នៅពេលនេះទេ» ។ បច្ចុប្បន្ននេះ កងទ័ពចំនួន ២៨.៥០០ នាក់ ត្រូវបានចាត់តាំងឲ្យទៅកងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង។
លោក McCarthy បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងជប៉ុន និងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ការពារជាតិ។