
នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បានសុំអភ័យទោស ចំពោះជនរងគ្រោះពីច្បាប់លើកកម្ពស់គុណភាពតំណពូជដែលពេលនេះលែងប្រើហើយនោះ ពោលគឺជាច្បាប់ដែលបានឃើញមនុស្សរាប់ពាន់នាក់ ត្រូវបានក្រៀវដោយបង្ខំ នៅចន្លោះឆ្នាំ១៩៤៨ និងឆ្នាំ១៩៩៦។
នៅឯការិយាល័យរបស់លោក នាទីក្រុងតូក្យូ លោក Kishida បាននិយាយថា៖ «ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកអនុវត្តច្បាប់លើកកម្ពស់គុណភាពតំណពូជ គឺធ្ងន់ធ្ងរខ្លាំងណាស់»។ អមដោយការឱនគោរពដល់ជនរងគ្រោះទាំងអស់ លោកបាននិយាយទៀតថា៖ «ខ្ញុំសូមសម្តែងការសុំអភ័យទោសដោយស្មោះអស់ពីចិត្តតំណាងឲ្យរដ្ឋាភិបាលទាំងមូល»។

ជាមួយគ្នានេះ លោក Kishida ក៏បានសន្យាដែរថា លោកនឹងចាត់វិធានការថ្មី ដើម្បីធានាថា ជនរងគ្រោះទទួលបានសំណងបន្ថែមលើការទូទាត់ឆ្នាំ២០១៩ ចំនួន ៣,២លានយ៉េន (ប្រមាណជា ២០.០០០ដុល្លារ) ដែលអ្នកធ្វើយុទ្ធនាការ បាននិយាយថា ជាចំនួនតិចតួចពេក។
គួរបញ្ជាក់ថា ការសុំអភ័យទោសនេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេច កាលពីថ្ងៃទី៣ ខែកក្កដា ដោយតុលាការកំពូលរបស់ប្រទេស ដែលប្រកាសថា ច្បាប់នេះមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបទប្បញ្ញត្តិរយៈពេល ២០ឆ្នាំនៃការកម្រិតដែលរារាំងជនរងគ្រោះមួយចំនួនមិនឲ្យទទួលបានសំណង មិនអាចអនុវត្តបានទេ។
រដ្ឋាភិបាលដែលបានសុំអភ័យទោស ក្នុងឆ្នាំ២០១៩ ទទួលស្គាល់ថា មនុស្សប្រហែល ១៦.៥០០នាក់ ក្នុងនោះរួមទាំងជនមានពិការភាពទាំងផ្លូវចិត្ត និងរាងកាយ ត្រូវបានក្រៀវដោយបង្ខំនៅក្រោមច្បាប់ ដែលត្រូវបានបង្កើតឡើង ដោយមានគោលបំណង «រារាំងកុំឲ្យមានការបង្កើតកូនចៅជំនាន់ក្រោយដែលមានលក្ខណសម្បត្តិខ្សោយ»៕