
បេសកជនចិនកាលពីថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រទេសនានារក្សាសមភាពអធិបតេយ្យភាព និងលើកកម្ពស់ពិភពលោកពហុប៉ូឡា ក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ។
ក្នុងអំឡុងពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកការពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផលប្រយោជន៍នៃសណ្តាប់ធ្នាប់ពិភពលោកកាន់តែត្រឹមត្រូវ ប្រជាធិបតេយ្យ និងនិរន្តរភាព លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា៖«ជាដំបូង យើងត្រូវរក្សាសមភាពអធិបតេយ្យភាព។ ប្រទេសនីមួយៗគួរតែអាចស្វែងរកកន្លែងរបស់ខ្លួន និងដើរតួនាទីរបស់ខ្លួន នៅក្នុងប្រព័ន្ធពហុប៉ូឡានេះ។ យើងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ពិភពលោកពហុប៉ូឡាក្នុងលក្ខណៈស្មើភាព និងរបៀបរៀបរយ។

លោក Fu បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមភាពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក បានគូសបញ្ជាក់ថា ការកសាង «សណ្តាប់ធ្នាប់អន្តរជាតិ ត្រឹមត្រូវ ប្រជាធិបតេយ្យ និងនិរន្តរភាព គឺជាការធ្វើសកម្មភាពរួមគ្នារបស់មនុស្សជាតិ»។
លោកបានសរសើរពីការបង្កើតអង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៤៥ ជាមធ្យោបាយមួយ ដើម្បី «ជួយសង្គ្រោះមនុស្សជំនាន់ក្រោយឲ្យរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាម» និងលើកកំពស់ស្មារតីនៃពហុភាគី និយម។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គឺជា«មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិសម័យទំនើប» និងបង្កប់នូវ«ឧត្តមគតិដ៏ថ្លៃថ្នូនៃការធ្វើការឆ្ពោះទៅរកសណ្តាប់ធ្នាប់អន្តរជាតិដ៏ត្រឹមត្រូវ និងសមធម៌»។