
វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បានប្រាប់ថា គ្មានផលល្អអ្វីដល់ប្រទេសរុស្ស៊ី ដែលបានពីតំណែងប្រធានាធិបតីអាមេរិកឆ្នាំ ២០១៧-២០២១ របស់លោក Donald Trump ប៉ុន្តែថា យ៉ាងហោចណាស់ ក៏មានការសន្ទនាគ្នា រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដែលប្រហែលជាមានរឿងវិជ្ជមាន នៅក្នុងការសន្ទនានោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទមួយជាមួយអ្នកសារព័ត៌មាន នៅពេលដែលត្រូវបានសួរអំពីការកត់សម្គាល់របស់លោក Trump អំពីទំនាក់ទំនងការងាររបស់លោកជាមួយប្រធានាធិបតី លោក Vladimir Putin នាពេលកន្លងមក។

លោក Peskov បានប្រាប់ថា៖ «មិនពាក់ព័ន្ធនឹង (លោក Putin និងលោក Trump) ចុះសម្រុងគ្នា ឬមិនចុះសម្រុងគ្នាឡើយ ព្រោះថា គ្មានអ្វីល្អដល់ប្រទេសរុស្ស៊ីនោះទេ ក្រោមការគ្រប់គ្រងរបស់លោក Trump។ ផ្ទុយទៅវិញ ការកម្រិតកាន់តែច្រើនឡើងឡើង ត្រូវបានដាក់ (លើប្រទេសរុស្ស៊ី)។ តែយ៉ាងណាក្ដី ក៏មានការសន្ទនាគ្នាដែរ។ នេះអាចចាត់ទុកថា ជារឿងវិជ្ជមាន»។
ជាមួយគ្នានេះ លោក Peskov បានបន្ថែមថា ប្រទេសរុស្ស៊ី និងលោក Putin គឺជាប្រធានបទដែលជាប្រពៃណីត្រូវបានលើកឡើងមក អំឡុងយុទ្ធនាការបោះឆ្នោត នៅសហរដ្ឋអាមេរិក៕