តំបន់បាល់កង់ និងតំបន់ភាគកណ្តាល ហើយនិងតំបន់ភាគខាងត្បូងអឺរ៉ុប បន្តរងគ្រោះដោយសាររលកកម្តៅ ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់បំផុតពុំធ្លាប់មានពីមុន ។
នៅប្រទេសស៊ែរប៊ី បឹងទឹកប្រៃ Rusanda ស្ថិតនៅខេត្តភាគខាងជើង Vojvodinaបានរីងហួតស្ងួតអស់ ។
លោក Darko Murgud គឺជាពលរដ្ឋមួយរូបរស់នៅក្បែរបឹង និយាយថា លោកមិនដឹងថាត្រូវគួរនិយាយអ្វីនោះទេ ។ វាគួរឲ្យខ្លាចខ្លាំងណាស់នៅពេលដែលវាក្តៅបែបនេះ វាពិតជាគួរឲ្យខ្លាចមែន ។
សីតុណ្ហភាពហក់ឡើងខ្ពស់នៅទូទាំងតំបន់បាល់កង់ក្នុងសប្តាហ៍នេះ ក្នុងនោះប្រទេសជាច្រើន បានមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៩អង្សាសេ ។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋធានី Belgrade របស់ស៊ែរប៊ី រកឃើញសីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់មានប្រចាំខែកក្កដា ៤០អង្សាសេ ។
លោកវេជ្ជបណ្ឌិត Vladimir Djurdjevic គឺជាអ្នកឧតុនិយមមានមូលដ្ឋាននៅទីក្រុង Belgrade និយាយថា រលកកម្តៅបែបនេះ នឹងមិនកើតមាននោះទេ បើសិនជាគ្មានបម្រែបម្រួលអាកាសធាតុ ៕
