
លោក Vyacheslav Gladkov អភិបាលតំបន់ បាននិយាយថា កន្លែងតាំងទីលំនៅចំនួនបី ក្នុងតំបន់ Belgorod នៅខ្សែបន្ទាត់ព្រំដែនរបស់រុស្ស៊ី ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដោយទាហានអ៊ុយក្រែន ដោយពុំមាននរណាម្នាក់ រងរបួសនោះទេ។
លោកបានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«កន្លែងតាំងទីលំនៅចំនួន ៣ នៅក្នុងតំបន់ Belgorod ត្រូវបានវាយប្រហារដោយទាហានអ៊ុយក្រែន។ យោងតាមទិន្នន័យបឋម មិនមាននរណាម្នាក់រងរបួសនោះទេ។ អគារពីររបស់ក្រុមហ៊ុនកសិកម្ម នៅក្នុងភូមិ Yasnye Zori ត្រូវរងការខូចខាត។

លើសពីនេះ តាមការលើកឡើងរបស់លោក ផ្ទះចំនួនពីររបស់គ្រួសារតែមួយ បានរងការខូចខាតនៅក្នុងភូមិ Novopetrovka ហើយអគារការិយាល័យរបស់ក្រុមហ៊ុនកសិកម្មមួយ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារដោយយានដ្រូន នៅជិតទីក្រុង Shebekino។