ភ្នំពេញ ៖មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ហៅកាត់ថា MARDEC ទទួលបានជោគជ័យការបង្កាត់ពូជកូនត្រីស្ពង់ និងក្កោមសេះ សម្រាប់ផ្គត់ផ្គង់ដល់វារីវប្បករក្នុងស្រុក។
លោក ម៉ម សុខតារា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រទទួលបានជោគជ័យការបង្កាត់ពូជកូនត្រីស្ពង់ និងក្តោមសេះ ដោយក្នុងឆ្នាំ២០២៤នេះ មានផែនការបង្កាត់ពូជកូនត្រីស្ពង់ចំនួន៥០ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ដល់វារីវប្បករនៅក្នុងស្រុក និងក្ដោមសេះចំនួន១លានក្បាលសម្រាប់ប្រលែងចូលក្នុងសមុទ្រ។ ការផ្តល់បទសម្ភាសនេះ បានធ្វើឡើងក្នុងពេលមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល តំណាងសហភាពអឺរុបប្រចាំកម្ពុជា អង្គការ UNIDO និងអ្នកសារព័ត៌មានផ្សេងៗចំនួន២១ស្ថាប័ន បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ។
នៅក្នុងបទសម្ភាស លោកបន្តថា មូលហេតុដែលជំរុញឱ្យការបង្កាត់ពូជកូនត្រីស្ពង់ និងក្កាមសេះទទួលបានជោគជ័យ គឺដោយសារការដឹងច្បាស់ពីជីវសាស្រ្តរស់នៅរបស់សត្វទាំងពីប្រភេទនេះ និងការរៀបចំបច្ចេកទេសចិញ្ចឹមត្រឹមត្រូវតាមស្តង់ដារ។ លោកបន្តថា បច្បុន្នវារីវប្បករបានងាកមកទិញកូនត្រីស្ពង់នៅមជ្ឈមណ្ឌល មានចំនួនច្រើនគួរឱ្យកត់សំគាល់។ ហើយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ក៍មានការបង្កាត់ពូជកូនត្រីតុកកែ និងក្ដាមថ្មផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ស្ថិតនៅខេត្តព្រះសីហនុ បង្កើតឡើងនៅឆ្នាំ២០១២ ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ មជ្ឈមណ្ឌលនេះ បង្កើតឡើងដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ និងបង្កើនផលិតផលជលផលសមុទ្រ តាមរយៈការអភិវឌ្ឍវារីវប្បកម្មសមុទ្រ។
ជាចំណែកមួយក្នុងការធានានិរន្តរភាពផលិតផលជលផលនៅកម្ពុជា មជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវវារីវប្បកម្មសមុទ្រ បានផ្សារភ្ជាប់រវាងគម្រោង Capfish-Cature និង Capfish-aquaculture របស់អង្គការUNIDDO ក្រោមជំនួយថវិការរបស់សហភាពអឺរុបEU។ ស្ថិតក្នុងការអនុវត្តគម្រោងភាគីទាំងពីរមានកិច្ចសហការរួមគ្នាក្នុងការលើកស្ទួយវិស័យជលផលនៅកម្ពុជា៕ អត្ថបទ ៖ ទូច សោភ័ណ







