
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ រដ្ឋាភិបាលស្វីសបានប្រាប់ឲ្យដឹងថា ប្រទេសរបស់ខ្លួនបានបើកការស៊ើបអង្កេតលើករណីជាង ៥០ ពាក់ព័ន្ធនឹងការរំលោភបំពានទណ្ឌកម្មដែលអាចកើតមាន ហើយមកទល់ពេលនេះ បានរកឃើញថា មានការបំពានចំនួន ១៥ករណី ក្នុងចំណោមនោះ។
គួរបញ្ជាក់ាថា គិតចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសស្វីសបានអនុម័តទណ្ឌកម្មស្រដៀងគ្នាទៅនឹងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដោយវិធានការថ្មីត្រូវបានអនុម័ត កាលពីដើមខែនេះ។
នៅក្នុងអ៊ីមែលដែលផ្ញើទៅកាន់សារព័ត៌មាន Reuters លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរដ្ឋ (SECO) បានឲ្យដឹងថា ការអនុវត្តទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពរបស់រដ្ឋាភិបាល ហើយថា ខ្លួនបានបើកដំណើរការស៊ើបអង្កេតលើការរំលោភបំពានចំនួន ៥៦ករណីហើយ រហូតមកដល់បច្ចុប្បន្ន។

ក្នុងចំណោមនោះ ប្រហែលពាក់កណ្តាលត្រូវបានទម្លាក់ចោល ហើយការផាកពិន័យត្រូវបានបញ្ជាឲ្យអនុវត្តចំនួន ១៥ករណី ក្នុងចំណោមករណីទាំងនោះ។ ស្ថាប័ននេះបានបន្ថែមថា អ្នកផ្សេងទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
SECO មិនបានបញ្ចេញឈ្មោះវិស័យដែលពាក់ព័ន្ធ និងក្រុមហ៊ុនដែលត្រូវបានស៊ើបអង្កេតនោះឡើយ។ ប្រទេសស្វីសបាននិយាយកាលពីដើមឆ្នាំនេះថា ខ្លួនបានបង្កើតក្រុមជំនាញមួយ ដើម្បីស៊ើបអង្កេត និងអនុវត្តទណ្ឌកម្មដែលទីក្រុងប៊ើន (Bern) បានដាក់បន្ទាប់ពីមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន៕