តុលាការអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ បានកាត់ទោសពលរដ្ឋម្នាក់ដែលមានសញ្ជាតិ២ គឺអាល្លឺម៉ង់-រុស្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និង ៩ខែ ពីបទលក់គ្រឿងអេឡិចត្រូនិកទៅឲ្យក្រុមហ៊ុនរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យយោធា ដែលការធ្វើបែបនេះ គឺរំលោភបំពានលើការទណ្ឌកម្ម។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប (EU) បានហាមឃាត់មិនឲ្យធ្វើអាជីវកម្មបែបនេះឡើយ បន្ទាប់ពីរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធនូវដែនដីគ្រីម៉េពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ហើយការដាក់ទណ្ឌកម្ម បានមានកាន់តែច្រើនឡើងៗ ចាប់តាំងពីទីក្រុងមូស្គូបានបើកការលុកលុយពេញលេញលើប្រទេសជិតខាងរបស់ខ្លួន នៅឆ្នាំ២០២២។
តុលាការទីក្រុង Stuttgart បានឲ្យដឹងថា បុរសវ័យ ៥៩ឆ្នាំ បានបញ្ចូនគ្រឿងបន្លាស់ចំនួន ១២០.០០០មុខ ទៅឲ្យប្រទេសរុស្ស៊ី ដែលអាចយកទៅប្រើប្រាស់ សម្រាប់គោលបំណងយោធា នៅចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៣។ តុលាការបានប្រាប់បន្តថា គ្រឿងបន្លាស់ទាំងនោះ រួមមានទាំងផ្នែកដែលត្រូវបានប្រើក្នុងយានដ្រូន Orlan-10 ដែលរុស្ស៊ីដាក់ពង្រាយប្រឆាំងនឹងអ៊ុយក្រែនផងដែរ។
តុលាការបានបន្ថែមថា បន្ទាប់ពីសង្រ្គាម បានចាប់ផ្តើមនៅឆ្នាំ២០២២ ចុងចោទបានព្យាយាមក្លែងបន្លំការលក់ទៅឲ្យក្រុមហ៊ុនរុស្ស៊ី ដោយការដាក់វិក្កយបត្រ និងឯកសារដឹកជញ្ជូនទៅគោលដៅផ្សេង ដូចជាទៅកាន់ទីក្រុងហុងកុង និងប្រទេសទួរគីជាដើម៕