ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃពុធនេះ អ៊ីស្រាអែល បានវាយប្រហារទីក្រុង Nuseirat ស្ថិតនៅកណ្តាលតំបន់ហ្កាហ្សា ដោយបានបំផ្លិចបំផ្លាញព្រះវិហារមួយខ្នង និងបរិវេនរស់នៅរបស់ប្រជាពលរដ្ឋ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ រងរបួស ។
ជនប៉ាឡេស្ទីន ត្រូវបានគេមើលឃើញរត់ឆ្លងកាត់គំនរបាក់បែកអគារខូចខាត ហើយពួកគេមួយចំនួន បានស្វែងរកសម្ភារៈរបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ភាគកណ្តាលហ្កាហ្សាស្រ្ទីបនៅថ្ងៃពុធនេះ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៩នាក់ ស្របពេលដែលរថក្រោះអ៊ីស្រាអែល រុលចូលកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងហ្កាហ្សា ។
ដោយឡែក កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានជម្រុះពាក់កណ្តាលនៃថ្នាក់ដឹកនាំរបស់ក្រុមជីវពលហាម៉ាស់ ក្នុងនោះយុទ្ធជនប្រហែល ១៤.០០០នាក់ ត្រូវបានសម្លាប់ ឬចាប់ខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនសរុប ៣៨.៧៩៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៨៩.៣៦៤នាក់ផ្សេងទៀត រងរបួស អំឡុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូតមក ៕